Breaking News

នាយកសាលាមួយចំនួននៅខេត្តត្បូងឃ្មុំចោទប្រធានមន្ទីរអប់រំរឿងកាត់ប្រាក់ខែពេលពួកគាត់ធ្វើការងារបោះឆ្នោត

ខេត្តត្បូងឃ្មុំ៖ នាយកសាលាបឋមសិក្សាចំនួន ៣រូបគឺ លោក ប៉ាន ចាន់អូន នាយកសាលាបឋមសិក្សាភូមិកណ្តាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ , លោក ឈុន សុខ នាយកសាលា បឋមសិក្សាបឹងព្រះ ឃុំបឹងព្រូល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងលោក សុខ ជា នាយកសាលាបឋមសិក្សាជីរោទ៍កណ្តាល ភូមិជីរោទ៍កណ្តាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដាក់លិខិតគោរពជូនលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឲ្យជួយសម្រួល បន្ទាប់ពីមន្ទីរអប់រំយុវជន និងកីឡាបានកាត់ប្រាក់បៀវត្សរបស់ពួកគាត់។

បើតាមលិខិតរបស់លោក ប៉ាន ចាន់អូន នាយកសាលា បឋមសិក្សាភូមិកណ្តាល គោរពជូនលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ថ្មីៗនេះ មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែរបស់លោកពីរពេល ចំនួនជាង ៥,០០០,០០០រៀល (ប្រាំលានរៀល) នៅក្នុងខែសីហា ឆ្នាំ២០២២ មូលហេតុលោកធ្វើការងារបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំអាណត្តិទី៥កន្លងមកនេះ។ លិខិតមានខ្លឹមសារបន្តថា ត្បិតធ្វើការបោះឆ្នោត តែលោកមិន ដែលចោលការងារទេ ដូចជាការងារបង្រៀនសិស្ស,ការ ងាររដ្ឋបាលក៏មិនដែលរាំងស្ទះ យឺតយ៉ាវនាំឲ្យលំបាកដល់ការិយាល័យអប់រំស្រុកទេ,ការងារបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ក៏បានជោគជ័យ ហេតុអីបានកាត់ប្រាក់កម្លាំងពលកម្មរបស់លោក។ 

ចំណែកលិខិតរបស់លោក ឈុន សុខ នាយកសាលា បឋមសិក្សាបឹងព្រះបញ្ជាក់ថា ក្នុងខែសីហា មន្ទីរអប់រំយុវជន និងកីឡាបានកាត់ប្រាក់បៀវត្សរបស់លោក ដោយហេតុថា លោកបានធ្វើការងារបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំអាណត្តិទី៥។ លោកឆ្ងល់ថា បង្រៀនតែ១វេនសោះ តែថ្នាក់គូប (ថ្នាក់ទី៣ និងថ្នាក់ទី៤) មិនប៉ះពាល់ដល់ម៉ោងការងារ ហេតុអ្វីបានមន្ទីរកាត់ប្រាក់លោកជាង ៣លានរៀល (៣,០៥៤,០០០រៀល)។

ដោយឡែកលិខិតរបស់លោក សុខ ជា នាយកសាលា បឋមសិក្សាជីរោទ៍កណ្តាល ក៏បានបញ្ជាក់ថា ថ្មីៗនេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានកាត់ប្រាក់ខែរបស់លោកចំនួនជាង ៥,០០០,០០០ (ប្រាំលានរៀល) នៅក្នុងខែសីហា ឆ្នាំ២០២២ មូលហេតុ លោកធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥។

លិខិតមានខ្លឹមសារបន្តថា ត្បិតលោកធ្វើការបោះឆ្នោតមែនតែលោកមិនដែលចោលការងារទេដូចជាការបង្រៀន សិស្សថ្នាក់ទី៦ (ក) , ការងាររដ្ឋបាលក៏មិនដែលធ្វើឲ្យរាំងស្ទះ យឺតយ៉ាវនាំឲ្យលំបាកដល់ការិយាល័យស្រុកទេ , ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ក៏បានជោគជ័យ ហេតុអីបានកាត់ប្រាក់ខែកម្លាំងពលកម្មរបស់លោក។

បើតាមប្រភពក្រៅផ្លូវការបានលួចខ្សឹបប្រាប់ថា លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានគ្រូបង្រៀនចោទប្រកាន់ថា បានកិបកេងថវិការដ្ឋក្នុងមួយខែៗរាប់លានរៀល តាមរយៈការដាក់ ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន២វេន។

ប្រភពដដែលបន្តថា លោក អ៊ិន ពៅសម្បត្តិ បានកេង ប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យាចំនួន ៩០នាក់នៅស្រុកមេមត់ បើគិតជាថវិកាប្រមាណជិត ១០០លានរៀលក្នុងមួយខែៗ និងបានបន្លំឯកសារដើម្បីកេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀន២វេន សម្រាប់ឆ្នាំ២០២២ តាម រយៈការដាក់ឈ្មោះក្រុមខ្លួនដែលមិនមានក្របខណ្ឌមន្ត្រីអប់រំ ដូចជាដាក់ប្តី ឬប្រពន្ធជាដើម។

ពាក់ព័ន្ធការកាត់ប្រាក់បៀវត្សរបស់លោកនាយកសាលា បឋម សិក្សាទាំង៣រូបនៅស្រុកត្បូងឃ្មុំ ក៏ដូចជាប្រភពចោទប្រកាន់នេះដែរ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ មិនទាន់អាចស្វែងរក ដើម្បីសុំការបំភ្លឺបានទេ គិតត្រឹមម៉ោងផ្សាយនេះ ព្រោះមិនមានលេខទូរស័ព្ទ៕

រូបភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *