Breaking News

រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅ មីយ៉ាន់ម៉ា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន មួយថា ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្ដម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការ បរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។

កិច្ចពិគ្រោះយោបល់នេះ បានរៀបចំឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តី សម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិធីសាស្ត្រនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរួមរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ានាំមកនូវដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្នប្រកប ដោយសន្តិវិធី។

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្ដល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្តី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកប ដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗ ពីមីយ៉ាន់ម៉ាស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុង ការអនុវត្ត 5PC ផងដែរ។ អ្វីដែលសំខាន់ជាងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើវិធីសាស្ត្រជាក់ ស្តែងដែលអាចពន្លឿនការអនុវត្ត 5PC រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាច ជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់មកវិញនូវភាពប្រក្រតី និងសន្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើ ទៅបាន។

កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត5PC ជាពិសេសលើផ្នែកការផ្តល់ជំនួយមនុស្ស ធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។ កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បី ផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *