Breaking News

ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មានជាង ៤ពាន់នាក់ត្រៀមចូលរួម

ភ្នំពេញ៖ អ្នកសារព័ត៌មានប្រមាណជាង ៤ពាន់នាក់ នឹងបង្ហាញវត្តមានក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ជំនួបរវាងសម្តេចតេជោ និងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី-ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី-ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។

កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

កញ្ញាបញ្ជាក់ថា តាមរបាយការណ៍នៃការចុះឈ្មោះ បានឱ្យដឹងថា សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង ៤ពាន់នាក់ រួមមាន៖ អង្គការ សមាគម ចំនួន ១៣អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ១អង្គភាព ស្មើនឹង ២រូប, គេហទំព័រ និង TV ONLINE ចំនួន ៣២៨អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤អង្គភាព, វិទ្យុ និងទូរទស្សន៍៖ វិទ្យុ ១៧ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣រូប។ ជាមួយនេះក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ, ក្រុមការងារគេហទំព័រគណ បក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គជប។ ជាមួយនេះក៏មាន និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ,ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *