ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោក Fung Kai Jin នាយកប្រតិបត្តិធនាគារស្ថាបនា បានប្រគល់វិភាគទានចំនួន ៥០០០ ដុល្លារអាមេរិក ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា។
លោក Fung Kai Jin បានលើកឡើងថា ធនាគារស្ថាបនា មានកិត្តិយសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅ របស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
លោកបានបន្តទៀតថា ធនាគារស្ថាបនា បានចូលរួមយ៉ាងច្រើនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងការកសាងសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់នូវឥណទាន ហើយការចូលរួមនាថ្ងៃនេះ ក៏នឹងអាចផ្តល់នូវសុខសុវត្ថិភាពនៅសហគមន៍ឲ្យរួចផុតពីគម្រាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ស្ថាបនា ដែលបានចូលរួមវិភាគទានដល់ការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ កម្ពុជាគ្មានឆ្នាំ២០២៥។ វិភាគទាននេះ អាជ្ញាធរមីន នឹងយកមកប្រើប្រាស់ជាមួយនឹងវិភាគទាន ទទួលបានពីសមាគម TAFTAC ធ្វើការបោសសម្អាតមីននៅខេត្តកោះកុង។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា សម្តេចតេជោ តែងតែគិតគូរដល់សុខសុវត្ថិភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា ហើយតែងតែចង់ឃើញប្រជាពលរដ្ឋរបស់សម្តេច ទទួលបាននូវសុខដុមរមនា និងមានជីវភាពរស់នៅកាន់តែប្រសើរឡើងស្មើៗគ្នាទាំងនៅទីប្រជុំជន និងទីជនបទ។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះភាគជោគជ័យរបស់ធនាគារស្ថាបនា ក្នុងការចូលរួមដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជា តាមរយៈការផ្តល់ឥណទាន និងការផ្តល់ឱកាសការងារយ៉ាងច្រើន៕