ភ្នំពេញ៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថនាយទាហានជាន់ខ្ពស់កម្ពុជា និងប្រមុខរាជរដ្ឋាភិបាល។
ទង្វើរបស់បុគ្គលពាលរូបនេះ ជាការញុះញង់ ក្លែងបន្លំឯកសណ្ឋាន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។
យើងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះតាមផ្លូវច្បាប់។
យើងប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ៕