Breaking News

រដ្ឋបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ដឹក​នាំ​​ក្រុម​ការងារ​ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋ និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែល​បានរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។ 

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានសម្ដែងនូវការអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ហើយឯកឧត្ដមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបោះបង់ និង រត់ចោលបងប្អូន ក្នុងខណៈពេលដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកនោះទេ ពេលណាដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកកាន់តែខ្លាំង សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកជួបផ្ទាល់ជាមួយបងប្អូន ដោយមិនធ្វើឲ្យបងប្អូនអស់សង្ឃឹម និង ខកបំណងឡើយ។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច ហើយក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងសត្វផ្សេងៗទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ 

ឯកឧត្តម បន្ថែមថា៖ បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឲ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់  ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានបន្ត​ ចុះត្រួតពិនិត្យ​ទីតាំងការដ្ឋានសាងសង់​កន្លែង​ស្នាក់នៅបណ្តោះអាសន្នជូន​ប្រជាពលរដ្ឋ​ ដែល​បានរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀងនោះផងដែរ​។

សូមបញ្ជាក់ថា៖អំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋនាពេលនេះ សរុបចំនួន ៤៣គ្រួសារ ដែលរស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួមមាន៖ ១គ្រួសារ ទទួលបាន ៖ 

១. អង្ករ ២០គីឡូ

២. មី១កេស

៣. ទឹកសុទ្ធ ១កេស

៤. ថវិកា២០ម៉ឺនរៀល។

ហើយរដ្ឋបាលខេត្តកណ្តាល បានរៀបចំផ្ទះ ជូនប្រជាពលរដ្ឋ ដែល​រងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី នៅពេលនេះ បានទទួលផ្ទះចូលស្នាក់នៅជាបណ្តោះអាសន្ន បានគ្រប់ៗគ្នា៕

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *