កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទូផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយឃុំ កំព្យូទ័រ Laptop ១គ្រឿង ម៉ាស៊ីនព្រីនធើរខូល័រ១គ្រឿង និងសខ្មៅ ១គ្រឿង ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំពេីក សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានលើកឡើងថា យន្តការច្រកចេញចូលតែមួយគឺជាយន្តការថ្មីមួយដែលត្រូវបានដាក់ចេញដោយ សេចក្តីណែនាំលេខ ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់សេ វាសាធារណៈតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល។
លោកបន្តថា យន្តការខាងលើនេះមានគោលបំណងសំខាន់ៗ៖ លើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលឃុំឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ឃុំ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ កែលម្អការផ្ដល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធ រដ្ឋបាលឃុំ លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាលឃុំ បង្ខិតរដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់ រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកបន្តទៀតថា យន្តការច្រកចេញចូលតែមួយមានទីតាំងស្ថិតនៅក្នុងទីតាំងនៃរដ្ឋបាលឃុំ នឹងប្រែក្លាយទីតាំងរដ្ឋបាលឃុំទៅជា កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ កន្លែងប្រមូលផ្ដុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ កន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្ដីស្នើសុំដល់ប្រជាពលរដ្ឋ។ យន្តការច្រកចេញចូលតែមួយត្រូវរៀបចំឱ្យមានផ្នែកសំខាន់ៗគឺៈ កន្លែងសាកសួរ-ផ្ដល់ពត៌មាន ទទួល និងប្រគល់ឯកសារសេវាសាធារណៈ កន្លែងបេឡា ជាកន្លែងបង់ប្រាក់ រាល់ផ្នែកទាំងអស់នៃយន្តការច្រកចេញចូលតែមួយ សុទ្ធតែមានសរសរបញ្ជរ និងមានលេខទូរសព្ទ ទំនាក់ទំនងសម្រាប់ពត៌មានបន្ថែម ឬការងារចាំបាច់ផ្សេងៗ ។ ពិសេសគឺតារាងតម្លៃសេវានីមួយៗត្រូវតែមាន នៅក្នុងសាលាឃុំ ដើម្បីបង្ហាញជូនអ្នកមកទទួលសេវាឲ្យបង់តាមតម្លៃដែលមានក្នុងច្បាប់ជាដាច់ខាត ។
លោកអភិបាលស្រុកក៏បានផ្តាំផ្ញើ និងណែនាំដល់មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុឃុំ ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ និងមានតម្លាភាព ដើម្បីផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ ។
គួរជម្រាបជូនថា យន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលឃុំទាំង១០ នៃស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានដាក់ឲ្យដំណើរការចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រួចមកហើយតាមនីតិវិធី និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ គឺជាការអនុវត្តនូវគោលនយោបាយវិមជ្ឈកា គឺការបង្ខិតសេវាសាធារណៈឲ្យនៅជិតនិងនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង៕ដោយ៖ សិរី នាគ