Breaking News

សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកជើងព្រៃ ឃាត់រថយន្តដឹកអុសមួយគ្រឿង ដោយសំអាងថា គ្មានឯកសារគ្រប់គ្រាន់ តែម្ចាស់រថយន្តថា មានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារតាមច្បាប់

ខេត្តកំពង់ចាម៖ លោកភួង ចាន់ន្នី និងអ្នកស្រីចាន់ សុភា អះអាងថា សង្កាត់រដ្ឋបាលព្រៃឈើស្រុកជើងព្រៃ ឃាត់រថយន្តដឹកអុសរបស់គាត់ ដោយសំអាងថា គ្មានឯកសារគ្រប់គ្រាន់ ប៉ុន្តែពួកគាត់អះអាងថាគាត់មានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងបង្កាន់ដៃបញ្ជាក់ការបង់ពន្ធ និងវិក្កយបត្រពីដេប៉ូ លក់អុសយ៉ាងត្រឹមត្រូវផងដែរ។

បើតាមលោកភួង ចន្នី បានប្រាប់អ្នកសារព័ត៌មានថា រថយន្តរបស់លោក ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ រតនះគីរី 3A 0058  ត្រូវបានមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្រុកជើងព្រៃឃាត់ទុកខណៈកំពុងដឹកអុសកាលពីម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី១២ខែមីនាឆ្នាំ២០២៣  នៅលើផ្លូវជាតិលេខ៦A នៅម្ដុំស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។លោក ថា ការឃាត់រថយន្តរបស់លោកផ្ដើមចេញពីមន្ត្រីកងរាជអាវុធហត្ថពីរនាក់ ដែលស្លៀកពាក់ស៊ីវិល ជិះរថយន្តមួយគ្រឿងម៉ាក ម៉ាស្ដា ប៉ុន្តែក្រោយពីពួកគាត់បានសួរនាំពាក់ព័ន្ធនឹងដីកាបញ្ជាឲ្យចាប់រថយន្តរបស់គាត់ តាមបទបញ្ជារបស់ព្រះរាជអាជ្ញានោះ ខាងកងរាជអាវុធហត្ថ ក៏បានទៅស្លៀកពាក់ឯកសណ្ឋានវិញ ហើយបានឃាត់ខ្លួនតៃកុងរថយន្ត លោក យកទៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តទៀតផង លុះព្រឹកឡើង ទើបឪពុកម្តាយទៅធានាបានចេញមកវិញ ចំណែករថយន្តត្រូវគេយកទៅទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃតែម្តង។

លោកភួង ចន្នីបានអះអាងថា សង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃ បានទាមទាររកឯកសារលិខិតដឹកជញ្ជូន ផល អនុផលព្រៃឈើ ទើបគេឲ្យយករថយន្តមកវិញ ប៉ុន្តែលោកបានបញ្ជាក់ថា លោកមានលិខិតបង់ពន្ធចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រឹមត្រូវហើយ និងបញ្ជាក់ពីការបង់ពន្ធ រៀងរាល់ខែទៀតផង ហេតុអ្វីបានជាមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃនៅតែទាមទារសួររកលិខិតដឹកជញ្ជូនផលអនុផលព្រៃឈើថែមទៀតតើការបង់ពន្ធចូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះមិនគ្រប់គ្រាន់ឫយ៉ាងណា?។

លោកបន្តទៀតថាការឲ្យលោកទៅបង់ផាកពិន័យដើម្បីបានលិខិតដឹកជញ្ជូនផលអនុផលចេញដោយរដ្ឋបាលព្រៃឈើនោះតើថវិកាបង់ចូលទៅរដ្ឋឫចូលទៅហោប៉ាវផ្ទាល់ខ្លួន? ហើយបើថវិកានោះបង់ចូលរដ្ឋហេតុអ្វីលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃមិនទទួលស្គាល់វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ? ។

ជាមួយគ្នានោះដែរអ្នកស្រីចាន់ សុខភាព បានលើកឡើងថា
អ្នកស្រីបានខ្ចីលុយធនាគារពីរនាក់ប្អូនប្រុសដើម្បីទិញរថយន្តមួយគ្រឿងយកមកដឹកអុសលក់តាមហាងកាហ្វេ ហាងគុយទាវនៅភ្នំពេញគឺមិនបានរកស៊ី ខុសច្បាប់នោះទេ ទន្ទឹមនិងនោះលោកស្រីក៏បានប្រាប់ឲ្យដឹងដែរថាកន្លងទៅរាល់ការដឹកជញ្ជួនអុស របស់គាត់តែងតែមានការគិតគូ ថ្លៃបាយទឹកបន្តិចបន្តួច ឲ្យទៅក្រុមមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីរដ្ឋ បាលព្រៃឈើនៅតាមដងផ្លូវជាហូរហែ មិនដែលមានបញ្ហាអ្វីទេ ចុះហេតុអ្វីបានជាពេលនេះចាប់ឃាត់ រថយន្តរបស់គាត់ហើយ ថែមទាំងចោទថាគ្មានឯកសារគ្រប់គ្រាន់ទៅវិញ ។

ជាមួយគ្នានោះដែរអ្នកស្រី ចាន់ សុខភាព ក៏សូមសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តកំពង់ចាម ឯកឧត្តមមេបញ្ជាការកង រាជអាវុធហត្ថខេត្តកំពង់ចាម និងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ចាម មេត្តាជួយអន្តរាគមន៍ដើម្បីឲ្យគាត់បានយករថយន្តចេញទៅរកស៊ីវិញផងពីព្រោះថាបើមិនដូច្នោះទេគាត់នឹងដាច់បាយហើយគ្មានលុយបង់ធនាគារនោះទេ។

ជុំវិញករណីខាងលើនេះលោក អ៊ុង រីណា នាយរងសង្កាត់រដ្ឋបាល ព្រៃឈើជើងព្រៃបានអោយអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថា ការឃាត់រថយន្តដឹកអុសខាងលើគឺ ដោយសារតែ រថយន្តនេះ ពុំមានលិខិតដឹកជញ្ជូនផល អនុផលព្រៃឈើ ទើបលោកឃាត់ទុកជាបណ្តោះអាសន្នដើម្បីឲ្យម្ចាស់ ចូលខ្លួនទៅបង់ប្រាក់ផាកពិន័យតាមច្បាប់ រដ្ឋបាលព្រៃឈើ។

ដោយឡែកលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាមក៏បានប្រាប់ឲ្យអ្នកសារព័ត៌មានដឹងដែរថា រឿងឃាត់រថយន្តដឹកអុសនោះដោយសារម្ចាស់រថយន្តអត់មានលិខិតដឹកជញ្ជូនផលអនុផលព្រៃឈើហើយ លោកប្រធានក៏បានប្រាប់ឲ្យម្ចាស់រថយន្តទៅជួបខាងសង្កាត់រដ្ឋបាលព្រៃឈើជើងព្រៃទៀតផង។

ពាក់ព័ន្ធនិងការចោទថាមានមន្ត្រីកងរាជអាវុធហត្ថ បើកឡាន ម៉ាក ម៉ាស្តាតាមឃាត់រថយន្តដឹកអុស និងសុំបាយទឹក នោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ តាមប្រព័ន្ធតេលេក្រាមយ៉ាងខ្លីថា បើចង់ដឹងមកជួបខ្ញុំនៅកន្លែង កងរាជអាវុធហត្ថខេត្ត៕SRN

 

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *