Breaking News

ព្រះចៅអធិការវត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់ អំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជននានា ចូលរួមកសាងសមិទ្ធិផលក្នុងវត្តតាមសទ្ធាជ្រះថ្លា

ខេត្តក្រចេះ៖ ព្រះគ្រូចៅអធិការវត្ត«ពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់» ភូមិសោបលើ ឃុំសោបលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានជូនដំណឹង និងអញ្ជើញពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។ អញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធ១០៩អង្គ កាន់អង្គឆ្លងដើមពោធិ៍ទាំង៩ និងសមិទ្ធិផលផ្សេងៗ ក្នុងវត្ត ដែលនិងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺថ្ងៃទី២៧ .២៨ .២៩ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ទន្ទឹមនិងការជូនដំណឹងខាងលើព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័រ និងសប្បុរសជនព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជា ពិេសស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក៏ដូចជាលោកស្រីទ្រី ដាណា ជួយកសាងសមិទ្ធិផលក្នុងវត្តដាច់ត្រយ៉ាលមួយនេះតាមសទ្ធាជ្រះថ្លាផងចុះ។

ព្រះគ្រូសច្ចៈកល្យាណា សេន នរ៉ា ចៅអធិការវត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់ បានមានសង្ឃដិកាថា ព្រះអង្គរួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើបុណ្យ ដើម្បីតម្កល់ទុកជាវត្ថុស័ក្ដិសិទ្ធិនៅក្នុងទីវត្តអារាម សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទទូទៅគោរពបូជាគ្រប់ៗជំនាន់តរៀងទៅ។ ចំណែកបុណ្យនេះឈ្មោះថាណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មា សម្ពុទ្ធ១០៩អង្គ ដែលមាននៅក្នុងព្រះត្រ័យបិដក ហើយមានទាំងបុណ្យឆ្លងផ្លូវបេតុង និងបុណ្យកាន់អង្គឆ្លងដើមពោធិ៍ថ្វាយព្រះសម្មាសម្ពុទ្ធទាំង៥និងព្រះអនន្តទាំង២ និងព្រះអគ្គសាវកព្រះសារីបុត្រ និងព្រះមោគ្គល្លានផងដែរ។

ព្រះគ្រូសច្ចៈកល្យាណា សេន នរ៉ា ចៅអធិការវត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់ បានមានសង្ឃដិកាថា នៅក្នុងកម្មវិធីបុណ្យមានការនិមន្តព្រះសង្ឃចំនួន១០៩អង្គបិណ្ឌបាត្រ ចំណែកនៅពេលរាត្រីនៃកម្មវិធីបុណ្យនេះ ក៏មានក្រុមសិល្បល្ខោនបាសាក់នាយក្រិន សម្ដែងជូនទស្សនា ដោយឡែកតារាកម្លែងនាយកុយ និងតារាចម្រៀងលោកឧកញ៉ាព្រាបសុវត្ថិ ក៏អញ្ជើញចូលរួមផងដែរ។ ព្រះអង្គក៏បានជូនដំណឹងនិងអញ្ជើញពុទ្ធបរិស័ទនិងសប្បុរសជននានាទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យនេះកុំបីខាន ។

ចៅអធិការអង្គនោះបានមានសង្ឃដិការបន្ថែមទៀតថា វត្តពន្លឺពេជ្រគីរីរាមភ្នំក្រឡាញ់ កសាងឡើងជាង២០ឆ្នាំមកហើយ ស្ថិតនៅលើភ្នំ ក្នុងតំបន់ដាច់ត្រយាលមួយឆ្ងាយពីទីប្រជុំជន និងភូមិឋានអ្នកស្រុក ជាអារ៉ាមដ៏ក្សត់បំផុតនៅខេត្តក្រចេះនេះ ។ រហូតមកទល់និងពេលបច្ចប្បន្ននេះនពុំទាន់មានព្រះវិហារ សាលាឆាន់ សាលាធម្មសភាឡើយ គឺមានតែកុដិឈើតូចៗដែលកសាងអំពីឈើ សម្រាប់ព្រះសង្ឃគង់នៅតែប៉ុណ្ណោះ ហើយសព្វថ្ងៃព្រះអង្គមានបំណងកសាងសមិទ្ធិផលជាច្រើនខាងលើដែរ ប៉ុន្តែមានការខ្វះខាតថវិកាជាខ្លាំង។

ជាចុងក្រោយព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័រ និងសប្បុរសជនទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិេសសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។ ក៏ដូចជាលោកស្រីទ្រី ដាណា ជួយកសាងសមិទ្ធិផលក្នុងវត្តដាច់ត្រយ៉ាលមួយនេះទៅតាមសទ្ធាជ្រះថ្លាផងចុះ ដើម្បីឲ្យវត្តមានព្រះវិហារ មានកុដិ មានសាលាឆាន់ និងសំណង់ផ្សេងៗទៀតសម្រាប់ព្រះសង្ឃគង់នៅជាស្រែបុណ្យរបស់ពុទ្ធបរិស័ទទូទៅ។

សូមរម្លឹកផងដែរថា កាលពីអំឡុងឆ្នាំ២០២០ លោកយាយឈ្មោះ ស្រៀន ដែលជាអ្នកស្នងរូបលោកតាភ្នែកទិព្វ បានឱ្យដឹងថា វត្តពន្លឺពេជ្រគីរីរ៉ាម ហៅវត្តភ្នំក្រឡាញ់ នេះត្រូវបានលោកយាយកសាងឡើងដោយផ្ទាល់នៅកំលុងឆ្នាំ២០០៣មកម្ល៉េះ ដោយសារតែនៅលើភ្នំក្រឡាញ់នេះមានឫទ្ធីបារមីខ្លាំងពូកែ ហើយកន្លងមកតែងបានយារយី អ្នកស្រុករហូតមានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នោះ ទើបលោកយាយផ្ដើមការកសាងទីអារ៉ាម ព្រះពុទ្ធសាសនានៅទីនោះដើម្បីចម្លងគ្រោះដល់អ្នកស្រុកតំបន់នោះ។

លោកយាយបានកសាងដងទង់ និងកុដិឈើជាដើម ប៉ុន្តែខណៈនោះពុំមានព្រះសង្ឃគង់នៅឡើយ លុះត្រាតែមានពិធីបុណ្យទានផ្សេងៗ ទើបនិមន្តព្រះសង្ឃពីបណ្ដាវត្តនានាទៅធ្វើកិច្ចនៅទីនោះយូរម្ដងប៉ុណ្ណោះ ហើយបន្ទាប់ពីការកសាងវត្តនៅលើភ្នំនេះ រួចកាលណាមកឃើញថាអ្នកស្រុកក៏លែងមានអ្នកស្លាប់ទៀតដែរ។

បើតាមលោកយាយ ស្រៀន បានរៀបរាបថា លុះមកដល់ឆ្នាំ២០១៧ ទើបមានព្រះសង្ឃទៅគង់នៅ ប៉ុន្តែនៅមិនបានជាប់លាប់នោះឡើយ ដោយគង់បានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ ក៏និមន្តចាកចេញទៅវិញព្រោះតែទីនោះក្រក្សត់ខ្លាំងពេក។ បន្ទាប់មកទៀតនៅចុងឆ្នាំ២០២០កន្លងមក ទើបមានព្រះសង្ឃមកគង់នៅចំនួន ៣អង្គ ក្នុងនោះមានព្រះភិក្ខុ ១អង្គ ព្រះនាមសច្ចៈកល្យាណា សេន នរ៉ា ដែលជាអតីតជាព្រះគ្រូសូត្រ នៅវត្តភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ បានទៅគង់នៅធ្វើជាគ្រូចៅអធិការវត្តភ្នំក្រឡាញ់នេះ និងមានគណៈកម្មការអាចារ្យចំនួន ៣នាក់៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *