Breaking News

លោក យឹម ស៊ីណន បង្ហាញការឈឺចាប់ជាទីបំផុតចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោក យឹម ស៊ីណន បានបង្ហាញសំណេរនៅលើបណ្តាញសង្គម Facebook ជាមួយនឹងពាក្យពេជន៍ឈឺចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារទង្វើនិងសកម្មភាព មិនខ្វាយខ្វល់របស់ក្រុមប្រឆាំងទៅលើរូបលោក នៅពេលលោកជាប់ពន្ធនាគារ។

ក្រៅពីបង្ហាញការឈឺចាប់ឥតឧបមា លោក យឹម ស៊ីណន បានប្រកាសគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដើម្បីសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យឹម ស៊ីណន បានរៀបរាប់តាមរយៈសំណេររបស់លោកមានខ្លឹមសារទាំងស្រុង៖
បើគិតពីការចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា និងក្រោយទទួលបានការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតមកដល់ថ្ងៃ២១ ខែមេសានេះមានរយៈពេល១ខែគត់។ ក្នុងអំឡុងពេល១ខែនេះ ខ្ញុំបានចំណាយពេលស្រាវជ្រាវពិនិត្យមើលព័ត៍មានស្តីករណីខ្ញុំ និងលោក ហ៊ុន កុសលជាច្រើនប្រភព ទើបធ្វើឲ្យខ្ញុំបានដឹងច្បាស់ថា ពេលខ្ញុំមានបញ្ហា នរណាជាមិត្តពិតក្នុងសង្គម និងនរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ។ ចំពោះខ្ញុំ និងហ៊ុន កុសល យើងទាំងពីរពិតជាមិត្ត ហើយក៏ជាបងប្អូនដ៏ល្អផងដែរ ប៉ុន្តែយើងទាំងពីរគឺមិនមែនជាមនុស្សតែមួយនោះទេ ព្រោះថាការគិត និងការសម្រេចចិត្ត រួមទាំងការរស់នៅក៏មិនដូចគ្នា។

ទោះបីពេលនេះខ្ញុំបាននៅខាងក្រៅឃុំស្ថិតក្រោមការឃ្លាំងមើលពីតុលាការមានសេរីភាពជាងអ្នកនៅក្នុងគុកក៏ដោយ ប៉ុន្តែបេះដូងខ្ញុំនៅតែនឹកគិតអាណិតបារម្ភទាំងយប់ទាំងថ្ងៃដល់យុទ្ធមិត្តហ៊ុន កុសលរបស់ខ្ញុំជានិច្ច។ ហើយខ្ញុំតែងតែបួងសួងព្រះជាប់រហូតថា សូមព្រះលួងលោមចិត្តសម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយសណ្តោសប្រណីដល់មិត្តខ្ញុំម្នាក់នេះបាននៅក្រៅឃុំដូចខ្ញុំផងចុះ។ ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់ខ្ញុំអស់រយៈពេលជាង១២ឆ្នាំមកនេះក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៉ីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។

ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏ខ្ញុំស្តាប់មិនឮ និងរកមើលមិនឃើញដែរ។ ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់ខ្ញុំ និងមិត្តខ្ញុំហ៊ុន កុសលគឺជាល្លោនសម្តែងថែមទៀតផង។

ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយខ្ញុំអាចចាត់ទុកបានថា ពួកនេះមានចរិតនយោបាយឃោឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង។ ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត១សន្លឹកក្នុងដៃខ្ញុំ និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងខ្ញុំ ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់មុឺនសន្លឹកទៀតពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ។

សម្តេចតេជោ ហ៊ុន សែនជាទីគោរព រូបខ្ញុំពិតជាស្រឡាញ់ និងចង់ឃើញកម្ពុជាមានប្រពន្ធ័ប្រជាធិបតេយ្យរឹងមាំពិតមួយតាមបែបផែនកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឡើយបក្ស ឬក្រុមអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ មានឱកាសមកដឹកនាំកម្ពុជានោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការប្តេជ្ញាចិត្តចូលរួមការពារសន្តិភាព ស្ថេរភាព និងទប់ស្កាត់នូវការប៉ុនប៉ងបំផ្លាញនូវសន្តិភាព គឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប។

សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំជាអ្នកសិក្សារៀនសូត្របានទាប ចំណេះដឹងតិច និងបទពិសោធន៍ការងារក៏មិនមានច្រើននោះដែរ ប៉ុន្តែខ្ញុំពិតជាមានឧត្តមគតិ ឆន្ទៈ និងមហិច្ចតាពិតប្រាកដក្នុងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។ ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព។ ក៏ប៉ុន្តែប្រសិនសម្តេចពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនសមនឹងចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតាដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជនតាមលទ្ធភាពដែលខ្ញុំមានផងដែរ៕ដោយ៖ សិរី នាគ

Check Also

កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(ភ្នាល់បាល់តាមអុីនធើណេត) និងឃាត់ខ្លួនបានមនុស្សស្រីប្រុសចំនួន០៤នាក់

Leave a Reply

Your email address will not be published. Required fields are marked *