Breaking News

ការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ឈានទៅសម្រេចនូវទស្សនវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាគ្មានមីនឆ្នាំ២០២៥

(សៀមរាប)៖កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ​លោកទេសរដ្ឋមន្រ្តី លី ធុជ បានចូលរួម​ជាអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់ ដែលបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប។

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់នេះលោកទេសរដ្ឋមន្រ្តី លី ធុជ​បានលើកឡើងអំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពនេះ និងបានចូលរួមជាផ្នែកមួយចាំបាច់ឈានទៅសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ។ ជាមួយគ្នានេះ ការធ្វើការរួមគ្នា និងការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយ ក៏នឹងអាចជួយពន្លឿនដល់វឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅ និងអនាគតដែលគ្មានការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យកាន់តែឆាប់។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា ការកំណត់ទីតាំង និងការកំណត់អត្តញ្ញាណគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងធ្វើឲ្យចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ទៀតផង។ ការវិវឌ្ឍន៍ចុងក្រោយបំផុតនៃបច្ចេកវិទ្យារាវរកគ្រាប់មីន ក៏អាចកើតចេញពីទឹកដីកម្ពុជា ដែលជាកន្លែងសម្រាប់ការធ្វើតេស្តសាកល្បងម៉ាស៊ីន និងឧបករណ៍បោសសម្អាតមីន មុននឹងឈានដាក់ប្រើប្រាស់នៅជុំវិញពិភពលោក។

ជាងនេះទៅទៀតលោក បានចាត់ទុក ក្រុមហ៊ុន Vallon GmbH គឺជាដៃគូដ៏ចាំបាច់មួយក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ហើយ ក្រុមហ៊ុន Vallon គឹជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ក្នុងការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់គោលបំណងមនុស្សធម៌។

លោក Markus Vallon នាយកគ្រប់គ្រងក្រុមហ៊ុន VALLON GmbH បានលើកឡើងថា ក្រុមហ៊ុន VALLON GmbH បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយកម្ពុជាក្នុងភាពជាដៃគូជាមួយអាជ្ញាធរមីន ដើម្បីរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ឲ្យកម្ពុជាសម្រេចនូវគោលដៅគ្មានមីនឆ្នាំ២០២៥។

លោក Markus Vallon បានបន្តទៀតថា ក្រុមហ៊ុន VALLON GmbH បានផលិតនូវឧបករណ៍រាវរកគ្រាប់មីនជាច្រើនប្រភេទប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងបានទទួលបានការកែលម្អជាច្រើនពីកម្ពុជា ក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានដាក់បញ្ចូលភាសាខ្មែរក្នុងឧបករណ៍នេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកដោះមីនកម្ពុជាក្នុងការប្រើប្រាស់៕SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *