ព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានទទួលពាក្យបណ្តឹងពីបុរសម្នាក់ ពាក់ព័ន្ធបទល្មើស លួចលក់ដី របស់គេដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០២០ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហើយពេលនេះត្រូវបានចៅក្រមបញ្ជប់ការស៊ើបសួរ រួចចោទប្រកាន់ជាផ្លូវការហើយ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ១. ឈ្មោះ រស់ វិចិត្រ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ។ និង ទី២. ឈ្មោះ ចិន ផល្លី ភេទស្រីអាយុ ៥២ឆ្នាំ ជនជាតិខ្មែរ។
ពាក់ព័ន្ធសុំណុំរឿងនេះ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបើកការស៊ើបសួរ នឹងចោទប្រកាន់ជាផ្លូវការពីបទ «លួចលក់អចលនវត្ថុអ្នក ដទៃ» ក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តទ្ទាទោសតាមបញ្ញត្តិមត្រា ២៥៥ នៃច្បាប់ភូមិបាលឆ្នាំ២០០២ ។ ដោយរងចាំថ្ងៃកំណត់ សុំរឿងនេះ បញ្ជូនទៅដំណាក់កាលចៅក្រមជំនុំជំរះ សាលាដំបូងខេត្តព្រះសីហនុ បើកការជំនុំជំរះបន្ត។
សូមបញ្ជាក់ថា ជនសង្ស័យជាចុងចម្លើយ២នាក់ប្រុសស្រីនេះ ត្រូវបានជនរងគ្រោះជាដើមបណ្តឹងប្តឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ពីបទលួចលក់អចលនវត្តុអ្នកដ៏ទៃ កាលពីអំឡុងឆ្នាំ២០២០ ដោយជនរងគ្រោះទាមទារសំណងពីជនសង្ស័យទាំង២នាក់ ដែលជាចុងចម្លើយ ចំនួន១០០លានរៀល ដើម្បីជាសំណងជំងឺចិត្ត។
សូមជំរាបថា នៅក្នុងបទល្មើសខាងលើនេះគឺជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែជនរងគ្រោះជាដើមបណ្តឹង មានសិទ្ធប្តឹងក្នុងបទល្មើសជាបណ្តឹងរដ្ឋប្បវេណី ដោយទាមទារសំណងជាទឹកប្រាក់ ដើម្បីសងជំងឺចិត្ត ។ ក្នុងករណីនេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក កោ វណ្ឌី បានចេញដីការ បង្គោប់ឲ្យចូលខ្លួន ទៅលើជនសង្ស័យប្រុសស្រីទាំង២នាក់ រួចបានបើកការស៊ើបសួរ រហូតសម្រេចបញ្ជប់ការស៊ើបសួរ និង ចោទប្រកាន់ជាផ្លូវការ ពីបទ «លួចលក់អចលនវត្ថុអ្នកដទៃ» រងចាំការជំនុំជំរះពីចៅក្រមជំនុំជំរះ ខេត្តព្រះសីហនុតែបណ្ណោះ។
ប៉ុន្តែដោយសារជនរងគ្រោះ មានការព្រួយបារម្ភខណៈនីតិវិធីរបស់សាលាដំបូងខេត្តព្រះសីហនុ រាងបន្តនីតិវិធីយឺតយ៉ាវបន្តិច ដូចច្នេះជនរងគ្រោះស្នើដល់សាលាដំបូងខេត្តព្រះសីហនុ ជួយពន្លឿនសុំណុំរឿង ពាក់ព័ន្ធបទល្មើសខាងលើនេះ ឲ្យបានឆាប់រហ័សជាង នេះ ដើម្បីជនរងគ្រោះទទួលបានយុត្តិធម៏បានឆាប់រហ័ស។ ពីព្រោះបានលិចឮ ដំណឹងថា ខាងចុងចម្លើយកំពុងរត់ការយករួចខ្លួនដោយមិនព្រមសងអ្វីទៅជនរងគ្រោះទាំងអស់៕SRN