Breaking News

វិញ្ញាសាប្រកួតកីឡាទូកក្តោង ដែលមានប្រទេស៦ចូលរួមប្រកួត បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ពិធីប្រគល់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នៅខេត្តព្រះសីហនុ បានបញ្ចប់នៅរសៀលថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅទីលានសម្ដេចតេជោ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេមផ្នែកទូកក្តោង នៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយរលូន ហើយកីឡាករកម្ពុជាធ្វើបានល្អ និងជាប្រវត្តិសាស្ត្រមួយដែរ ដែលកីឡាកររបស់កម្ពុជា ទទួលបានមេដាយចំនួន២ គឺមេដាយប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសាកីឡាទូកក្តោង ដោយកីឡាករ កែវ ភារុណ ដណ្តើមបានមេដាយប្រាក់ និងកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយសំរឹទ្ធ។

លោកបន្តថា វិញ្ញាសាទូកក្តោង គឺជាប្រភេទកីឡាថ្មីមួយ ដែលប្រទេសកម្ពុជា ទើបចាប់ផ្ដើមនៅឆ្នាំ ២០១៥ ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ​ហ្វឹកហាត់ទាំងបច្ចេកទេស ទាំងកីឡាករទាំងគណៈកម្មការ ធ្វើយ៉ាងណាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក សោម សុទ្ធរិទ្ធិពង្ស ឲ្យដឹងដែរថា ការប្រកួតលើវិញ្ញាសាកីឡាទូកក្តោង ដែលមាន៦ប្រទេសចូលរួម មានកីឡាករកីឡាការិនី ចំនួន៥៣រូប ហើយជាលទ្ធផល នៃការប្រកួត ប្រទេសដែលដណ្តើមបានមេដាយច្រើនជាងគេ គឺប្រទេសសិង្ហបុរី, ចំណាត់ថ្នាក់ទី២ បានទៅលើប្រទេសថៃ, លេខ៣ បានទៅលើប្រទេសម៉ាឡេស៊ី, លេខ៤ ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន និងលេខ៥ ប្រទេសវៀតណាម (គ្មានមេដៃ)។

លោក គួច ចំរើន​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំលះបង់ កម្លាំងកាយចិត្ត និងពេលវេលាទាំងថ្ងៃទាំងយប់ រៀបចំការពារ បានយ៉ាងម៉ឺងមាត់ម៉ត់ចត់ទំាងផ្លូវគោក និងផ្លូវទឹកធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យការប្រកួតនេះ បានប្រព្រឹត្តទៅដោយរលូនប្រកប ដោយការទទួលខុសត្រូវខ្ពស់ តាមតួនាទីភារកិច្ចរៀងៗខ្លួន ។

លោកក៏បានកោតសរសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡា ដែលបានខិតខំ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាទូកក្តោង បានប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលទាំងអស់គ្នាអាចទទួលយកបាន។

ព្រឹត្តិការណ៍ប្រកួតនេះ ប្រើរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពី កីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន ក្នុងនោះមាន៖ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម ដោយបែងចែកជា៩ប្រភេទវិញ្ញាសា ក្នុងការប្រកួតកីឡាទូកក្តោង ដែលបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ បានសម្រេចមិនយកថ្លៃហូបចុក ស្នាក់នៅ ចំពោះប្រតិភូកីឡា និងមិនយកថ្លៃសំបុត្រចូល ទស្សនាដែលជារឿងមិនធ្លាប់ មានក្នុងប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម។ ទាំងនេះបានបង្ហាញថា «កម្ពុជា ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយ ជាងមហាសមុទ្រទៅទៀត» ដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់ជូននូវមេដាយមរតកអូឡាំពិកអន្តរជាតិផងដែរ៕SRN

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *