Breaking News

លោកបណ្ឌិត វាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់សិង្ហបុរី ដល់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយ លោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចទ្វេភាគី នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមទស្សនា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែលសិង្ហបុរីក្លាយជារដ្ឋឯករាជ្យ ដែលនៅពេលនោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់ ដែលបានទទួលស្គាល់ឯករាជ្យ របស់សិង្ហបុរី។

ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនកាន់តែប្រសើរឡើង នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ, ស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរីក៏បានផ្តល់ការគាំទ្រផងដែរ ចំពោះភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ តាមរយៈការផ្តល់ការហ្វឹកហ្វឺន ផ្នែកការពារសន្តិសុខ សុវត្ថិភាព ដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាដើម។

ជាការឆ្លើយតប លោក Teo Chee Hean បានសម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សិង្ហបុរី ដែលកំពុងមានវឌ្ឍនភាពរីកចម្រើន ទៅមុខគួរឱ្យកត់សម្គាល់ និងបានថ្លែងនូវការកោតសរសើរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗ ជាលក្ខណៈតំបន់ជាច្រើន ជាពិសេសភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយក្នុងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិក និងគណៈប្រតិភូកីឡា របស់សាធារណរដ្ឋសិង្ហបុរី ដែលកំពុងចូលរួមការប្រកួតនៅកម្ពុជា៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *