សៀមរាប៖ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញកាត់ខ្សែបូរសម្ពោធអគារសិក្សាថ្មីមួយខ្នង របស់សាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ លោក បានលើកឡើងថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានោះ លោកក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានរួមគ្នាជាកម្លាំងសរុបក្នុងការលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន, ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកបត់បេះដូងជិត ៤ លាន និងរាំម៉ាឌីហ្សុនដែលមានអ្នករំាច្រើនជាងគេសរុប ៤.៩៩៩ នាក់ ព្រមទាំងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង ជាដើម ដោយព្រឹត្តិការណ៍ទាំងអស់នេះ សុទ្ធតែបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកតម្កើងកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ៕SRN