Breaking News

លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ បន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា កំពុងមានមោទកភាពជាតិ ដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរ មានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នា ក្នុងធ្លុងនៃស្មារតីជាតិនិយមបែបវិជ្ជមាន។ ពិតណាស់ ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។

ក្នុងន័យខាងលើ លោកបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិ ដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរ។
លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏សូមឲ្យប្រជាពលរដ្ឋ បន្តដុសខាត់ផ្នត់គំនិត និងអត្តចរិតរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការបើកចិត្តឱ្យទូលំទូលាយ និងដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រ ពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិ របស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំ ក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។

ប្រសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ស្ថិតក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផល ដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន” ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ដែរថា ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ហើយជាពិសេសករណីខេត្តសៀមរាបនេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ០៣ យ៉ាង គឺ៖

ទី១. ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ។

ទី២. កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ។

ទី៣. ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេស ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *