Breaking News

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ

កំពង់ឆ្នាំង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលបានចូលរួមការពារនូវបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ហើយជាគណបក្សដែលតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃ២៣ ឧសភា ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ជាក់ស្តែង វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានបង្កលក្ខណៈប្រគេនជូនព្រះតេជគុណព្រះសង្ឃដឹកនាំ និងរៀបចំវត្តអារាម និងបដិបត្តិធម៌វិន័យ ជាមួយនឹងការបើកសិទ្ធិសេរីភាពឱ្យប្រជាជនអាចជ្រើសរើសប្រកាន់ជំនឿសាសនាដែលខ្លួនពេញចិត្ត។

មួយវិញទៀត លោកបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក៏បានជ្រោងទង់ព្រះមហាក្សត្រឡើងវិញ ដោយដង្ហែរអតីតអង្គព្រះមហាក្សត្រយាងឡើងគ្រងរាជសម្បត្តិឡើងវិញ អនុលោមតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បន្ថែមទៀតថា ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជា, យើងអាចសម្លឹងមើលថយក្រោយគិតចាប់ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ហើយដែលត្រូវបានប្រទេសក្នុងតំបន់ប្រសិទ្ធនាមជា «កម្ពុជា៖ គុជនៅអាស៊ី» ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែលមានការប្រែប្រួលឡើងចុះ។ ក្នុងនេះ មានរបបលន់នល់ និងរបបប៉ុលពត ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់សម័យបច្ចុប្បន្ននេះ ដែលជាសម័យសន្តិភាព, ឯកភាពជាតិ, ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ។

លោកបណ្ឌិត ហ៊ុន ម៉ាណែណ បានមានប្រសាសន៍ បញ្ជាក់ថា ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងទូទាំងសាកលលោក, គ្រប់បណ្តាប្រទេសទាំងអស់ បានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្ត្ររៀងៗខ្លួន ដើម្បីធានាការពារអាយុជីវិតរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបានបន្ថែមទៀតថា នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ, ប្រទេសកម្ពុជាយើងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសមរភូមិកូវីដ-១៩ និងបានទទួលចំណាត់ថ្នាក់ល្អលំដាប់ពិភពលោក ក្នុងនាមជាប្រទេសដែលបានគ្រប់គ្រងការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព រហូតអាចបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស។ ជោគជ័យនេះ គឺកើតឡើងដោយសារមានសន្ទុះនៃការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយក៏បានរួមសហការអនុវត្តតាមគ្រប់ការអំពាវនាវ និងវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *