Breaking News

ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អតីតយុទ្ធជន និវត្តជនក្នុងស្រុកកញ្ជ្រៀច

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ១៣៨នាក់ ក្នុងស្រុកកញ្ជ្រៀច។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវអំណរគុណជាមួយការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកញ្ជ្រៀច ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើអោយស្រុកកញ្ជ្រៀច មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

ជាមួយគ្នានោះដែរឯកឧត្តម ស សុខា ក៏បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងស្រុកកញ្ជ្រៀច ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃនេះ។ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំ ទុកជានិច្ចនូវគុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ជំនាន់ ក្នុងបុព្វហេតុនៃការរំដោះជាតិមាតុភូមិពីរបបខ្មែរក្រហម តស៊ូគ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងខិតខំជម្នះការលំបាកគ្រប់ដំណាក់កាលដើម្បីបុព្វហេតុនៃការស្ដារ និងអភិវឌ្ឍជាតិមាតុភូមិ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ សភាពការណ៍តំបន់ និងសកលលោក មានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញបំផុត បណ្តាលមកពីការប្រកួតប្រជែងដណ្តើមភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចនានា។ ទន្ទឹមនេះពិភពលោក ក៏ជួបប្រទះនូវការផ្ទុះឡើងនូវ ជំងឺឆ្លងរាតត្បាតជាសកលដ៏កាចសាហាវកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យមានគ្រោះធម្មជាតិកាន់តែញឹកញាប់នៅតាមប្រទេសនានា ក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា វិបត្តិ និងបញ្ហាប្រឈមទាំងនេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនក្នុងពិភពលោកទាំងមូល ដែលមិនធ្លាប់ជួបប្រទះចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ មក។ ទន្ទឹមនេះនៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម ដើម្បីឈានទៅផ្តួលរលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ថា ប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេស បានរួមគ្នាពុះពារឆ្លងកាត់វិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដែលរហូតមកទល់ពេលនេះ យើងអាចវាយតម្លៃបានអំពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *