Breaking News

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាឱ្យក្រុមអធិការកិច្ចក្រសួង ចុះស្រាវជ្រាវករណីសំណុំរឿងធ្វើរបងបិទផ្លូវសាធារណៈមួយកន្លែង នៅសង្កាត់ផ្សារកណ្តាលទី១

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីសង់របងរំលោភផ្លូវសាធារណៈមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ក្រោយបានឃើញមានការផ្សព្វផ្សាយ។ នេះបើតាមការបញ្ជាក់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោក ជិន ម៉ាលីន បានឱ្យដឹងថា “ក្រោយពីទទួលបាននូវព័ត៌មាននេះ ក្រសួងយុត្តិធម៌ នឹងធ្វើការពិនិត្យ និងស្រាវជ្រាវរកការពិត ដើម្បីរកដំណោះស្រាយឱ្យបានត្រឹមត្រូវតាមច្បាប់ ហើយ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ផងដែរ។”

លោក ជិន ម៉ាលីន បានបញ្ជាក់ថា លោកនឹងផ្តល់ព័ត៌មាននេះជាបន្តបន្ទាប់ទៀត អំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអធិការកិច្ច រហូតដល់មានដំណោះស្រាយ។

សូមបញ្ជាក់ថា ច្រកផ្លូវឌឿងហែម ទទឹង ៣,៣ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រ ស្ថិតក្នុងភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ត្រូវបានពលរដ្ឋមួយគ្រួសារ អះអាងថា ត្រូវបានគេរំលោភបំពានបិទផ្លូវតាំងពីឆ្នាំ២០១៦ ដោយមិនឱ្យក្រុមគ្រួសារលោកស្រី ធ្វើដំណើរបានឡើយ។ បន្ទាប់ពីមានការបិទផ្លូវនេះ លោកស្រី បានប្តឹងទៅអាជ្ញាធរដែនដី រួមទាំងសង្កាត់ ភូមិបាលខណ្ឌ និងអាជ្ញាធរខណ្ឌ ព្រមបន្តប្តឹងទៅមន្ទីរដែនដី ដើម្បីជួយអន្តរាគមន៍ករណីនេះផងដែរ។

អ្នកស្រី ហាំ លក្ខិណា អះអាងថា បានរស់នៅផ្ទះនេះ តាំងពីឆ្នាំ១៩៩៥ ដោយសារផ្ទះនេះ ម្តាយរបស់គាត់ បានទិញយូរហើយ តែមិនបានមករស់នៅ ទើបឆ្នាំ១៩៩៥ ម្តាយលោកស្រី បាននាំក្រុមគ្រួសារមករស់នៅផ្ទះនេះ។ លោកស្រី បន្តថា ស្រាប់តែនៅឆ្នាំ២០១៦ ម្ចាស់ផ្ទះដែលបានទិញពីម្ចាស់ដើមនោះ បានបិទផ្លូវឌឿងហែមដែលជាច្រកចេញចូលផ្ទះរបស់គាត់ និងក្រុមគ្រួសារមួយទៀត។ លោកស្រី បន្តថា អ្នកដែលប្តឹងដំបូង គឺម្តាយរបស់គាត់ និងម្ចាស់ផ្ទះមួយទៀត តែដល់ពេលម្តាយរបស់លោកស្រី ចាស់ និងធ្លាក់ខ្លួនឈឺ គាត់ក៏ឱ្យលោកស្រី ឈរឈ្មោះប្តឹងជំនួស។

លោកស្រី ក៏បានអះអាងផងដែរថា មន្ទីរដែនដី ក៏បានចេញលិខិតបញ្ជាក់ពីច្រកផ្លូវដើរនេះ និងបានគូសក្រាហ្វិកបង្ហាញបញ្ជាក់បន្ថែមផងដែរថា ជាផ្លូវសាធារណៈ។ ក្រោយបានទទួលលិខិតបញ្ជាក់ពីមន្ទីរដែនដីរួចរាល់ លោកស្រី បានបន្តប្តឹងទៅសាលារាជធានីភ្នំពេញ ហើយសាលារាជធានីភ្នំពេញ ក៏បានចេញលិខិតបង្គាប់ឱ្យរុះរើរបងនេះផងដែរ ប៉ុន្តែម្ចាស់ផ្ទះដែលធ្វើរបងបិទនោះ មិនព្រមរុះរើនោះទេ។ ជាមួយគ្នានេះ លោកស្រី បានឱ្យដឹងបន្ថែមថា អាជ្ញាធរខណ្ឌដូនពេញ ក៏បានចេញលិខិតបញ្ជាឱ្យរុះរើរបងនេះ ចំនួន ៣លើក តែម្ចាស់ផ្ទះទាំងពីរនោះ មិនព្រមរុះរើទេ។

ដោយអស់សង្ឃឹម លោកស្រី ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រមបង្គាប់ឱ្យរុះរើផងដែរ ប៉ុន្តែម្ចាស់ផ្ទះទាំងពីរ នៅតែមិនព្រមរុះរើ ដោយបានប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញផងដែរ។ លោកស្រី បានបន្តថា ដល់ដំណាក់កាលសាលាឧទ្ធរណ៍ គាត់មិនបានទទួលដីកាកោះនោះទេ បែរជាមានការចេញសាលដីកាកំបាំងមុខ ថា លោកស្រី ក្នុងនាមជាប្រជាពលរដ្ឋ គ្មានសិទ្ធិក្នុងការប្តឹង និងទាមទារទ្រព្យសម្បត្តិសាធារណៈ យកមកប្រើប្រាស់ទេ។

លោកស្រី បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ សំណុំរឿង បានដល់តុលាការកំពូលហើយ និងបានបើកការជំនុំជម្រះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ និងកំពុងរង់ចាំការចេញសាលដីកា។

គាត់អះអាងថា គាត់ប្តឹងតាំងពីម្តាយនៅមានជីវិត អស់រយៈពេល៧ឆ្នាំមកហើយ នៅតែមិនទាន់ទទួលបានយុត្តិធម៌ ខណៈដែលគាត់នៅតែមិនមានផ្លូវសម្រាប់ចេញចូលផ្ទះរបស់គាត់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *