Breaking News

សម្តេចតេជោ ហ៊ុន សែន ណែនាំកងទ័ពត្រូវត្រៀមខ្លួនជានិច្ចជួយ សង្រ្គោះប្រជាជន ពេលមានគ្រោះមហន្តរាយនានាកើតឡើង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំកងទ័ពត្រូវត្រៀមខ្លួនជានិច្ចជួយសង្រ្គោះប្រជាជន និងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកសម្ភារផ្សេងៗ ផ្តល់ជំនួយ ផ្តល់សេវាថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហប្រតិបត្តិការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះនានាដែលកើតឡើងជាយថាហេតុ។ នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជានាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពកម្ពុជា មិនត្រឹមតែជាស្នូលរ៉ាប់រងការពារបូរណភាពទឹកដី និងការអភិវឌ្ឍសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិផងដែរ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កងពលតូចលេខ៧០ បានក្លាយទៅជាកងទ័ពជំនាញមួយរបស់កងយោធពលខេមរភូមិន្ទដែលត្រូវបានលើកកម្ពស់សមត្ថភាព ហើយសមត្ថភាពឯកទេសជាច្រើនដែលអាចបំពេញកិច្ចការធានាការពារបូរណភាពទឹកដីបាន ទាំងលើកិច្ចសហប្របត្តិការជាតិ និងអន្តរជាតិ សម្រេចបាននូវសមិទ្ធផលជាច្រើន»។

សម្តេចតេជោ បង្ហាញជំនឿថា ក្នុងស្មារតីនេះកងពលតូចលេខ៧០ និយាយដាច់ដោយឡែក កងយោធពលខេមរភូមិន្ទ និយាយជារួម ត្រូវបន្តការងារអនុវត្តសមត្ថភាពកងទ័ពឲ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងជាយថាហេតុ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមត្ថភាពកងទ័ពត្រូវតែទទួលបានការជឿទុកចិត្តក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយកម្ពុជាដែលធ្លាប់ល្បីថា ជាវាលពិឃាត អសន្តិសុខ រងការហ៊ុមព័ទ្ធទណ្ឌកម្មដោយផ្នែកនយោបាយផ្សេងៗទាំងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញ ជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ជាប្រទេសដែលកំពុងសមាហរណកម្មកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធសាកលលោក និងកំពុងដើរតួនាទីយ៉ាងសំខាន់ដោយស្មើសិទ្ធិស្មើភាពគ្រប់កិច្ចការតំបន់ និងពិភពលោក ហើយជាទីកន្លែងរៀបចំកិច្ចប្រជុំធំៗដែលមានមេដឹកនាំប្រទេសមហាអំណាចពិភពលោកមកចូលរួមប្រជុំ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាត្រចះត្រចង់៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *