ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានក្រើនរំឭកនិងបញ្ជាឲ្យកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវតែថែរក្សា និងការពារសុខសន្តិភាពឲ្យខាងតែបាន ហើយត្រូវទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលណា ឬក្រុមណា ដែលមានចេតនាបំផ្លិតបំផ្លាញសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។
«សុខសន្តិភាព គឺជាកត្តាធំបំផុតមិនអាចកាត់ថ្លៃបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឲ្យប្រសើរឡើងជីវភាពរបស់ប្រជាជនប្រចាំថ្ងៃ ដូច្នេះមិនថាកាលៈទេសៈណានោះទេ ត្រូវថែរក្សាការពារឲ្យបាន»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខសន្តិភាព សណ្តាប់ធ្នាប់ជូនដល់ប្រជាជន និងប្រទេសជាតិ។
«គុណបំណាច់យ៉ាងធំធេងរបស់កងយោធពលខេមរភូមិន្ទ មិនអាចបំភ្លេចបាននោះទេ ចំពោះលះបង់ និងការពលីគ្រប់បែបយ៉ាងសម្រាប់បូរណភាពទឹកដី»។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ដ្រី នៃកម្ពុជា។
សូមជម្រាបជូនថាការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣៕ដោយ៖ សិរី នាគ