ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអង្គារទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះបានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា រោងចក្រ សហគ្រាសទាំង១១ ដែលជួបសំណេះ សំណាលនឹងសម្តេចតេជោ ហ៊ុនសែន រួមមាន៖ រោងចក្រកាត់ដេរចំនួន៧, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣ និងដេរស្បែកជើងចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ល។
លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរាជធានីភ្នំពេញចំនួន១៤ដងរួចមកហើយកាលពីឆ្នាំ២០១៧ និង២០១៨ ដោយមានកម្មករ កម្មការិនីចូលរួមជាង២១ម៉ឺននាក់»។
សូមជម្រាបថា នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់៕