Breaking News

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។

លោកឧត្តមសេនីសយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងថា សមិទ្ធផលដែលជាចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ មាន ១-អគារមន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅ មានទំហំ ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ និងជម្រៅ ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់០៤ជាន់ ដោយជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។ ជាន់ទី១ មានបន្ទប់សម្រាកព្យាបាល ចំនួន ១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារពេទ្យនិងឱសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់។ ជាន់ទី២ មានបន្ទប់សម្រាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន០១បន្ទប់ សរុប១០បន្ទប់ ។ ជាន់ទី៣ មានបន្ទប់សម្រាកព្យាបាលជំងឺចំនួន០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន០១បន្ទប់ និងបន្ទប់ VIP ចំនួន០៥បន្ទប់ ។ ២-អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ១៩ម៉ែត្រ x ៧១.៥០ម៉ែត្រ កម្ពស់៤ជាន់ ដែលជាន់ផ្ទាល់ដីជាចំណតរថក្រោះ, ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។ ៣-អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។ ៤-អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិងចំនួន ២០បន្ទប់។

សូមជម្រាបថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ។ ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *