Breaking News

ឯកឧត្តម លី ធុជ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ មេគ្រួសារបក្សជាង៥ពាន់នាក់ មកពី៣សង្កាត់ ក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ជាង៥ពាន់នាក់ ក្នុងសង្កាត់បាទី, សង្កាត់ច្រកម្ទេស និងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

ឯកឧត្តម លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។ 

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុងបាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។ 

ឯកឧត្តម បានបន្តទៀតថា សមិទ្ធផលទាំងនេះ គឹមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណតម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ ឯកឧត្តម លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *