Breaking News

ឯកឧត្តម ស សុខា៖ សិល្បៈគឺជាផ្នែកមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបមិនអាចកាត់ផ្តាច់បាន

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានលើកឡើងថា ៖ សិល្បៈ ជាផ្នែកមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបមិនអាចកាត់ផ្ដាច់ចេញបានពីជីវិត ពីជីវភាព ទោះក្នុងរូបភាពជាអ្នកគាំទ្រ ឬជាអ្នកសម្ដែង។ ក្នុងនោះសិល្បៈចម្រៀងក្ដី ការសម្ដែងក្ដី គឺជាជំនាញពិសេសម្យ៉ាង ដែលមនុស្សគ្រប់រូបមិនមែនសុទ្ធតែអាចធ្វើបានល្អនោះទេ។ សិល្បៈនេះទៀតសោត ក៏មានឥទ្ធិពលផងដែរដល់ការអប់រំ ការដឹកនាំ រួមទាំងការងារនយោបាយនាំឱ្យជាតិមានការរីកចម្រើន។ សិល្បករដែលល្អ មានប្រជាប្រិយ តែងតែមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់មហាជន ជាពិសេសយុវជន។

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង រដូវកាលទី៣ និងផ្នែកសម្រស់យុវតី រដូវកាលទី១ វគ្គផ្តាច់ព្រ័ត្រ ប្រចាំខេត្តព្រៃវែង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

ជាមួយនឹងការអបអរសាទរចំពោះអ្នកទទួលបានជ័យលាភី ឯកឧត្តម ស សុខា បានសម្តែងនូវការចូលរួមសោកស្ដាយចំពោះអ្នកដែលមិនទទួលបានជោគជ័យឈានមកដល់វគ្គចុងក្រោយ។ ឯកឧត្តមបន្តថា ប៉ុន្តែទោះយ៉ាងណា ប្អូនៗត្រូវចាំថា ជាទូទៅការប្រកួត ឬការប្រឡង គឺតែងតែមានឈ្នះ មានចាញ់ជារឿងធម្មតា។ ចាញ់លើកនេះ ជាបទពិសោធន៍សម្រាប់យើងយកទៅហ្វឹកហាត់សមត្ថភាពបន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមការប្រឡងនៅលើកក្រោយៗ ឬក៏កម្មវិធីផ្សេងៗទៀត ព្រោះថាបច្ចុប្បន្នប្រទេសយើង មានសុខសន្តិភាព គឺមិនខ្វះទេឱកាសសម្រាប់យុវជនយើង ខ្លាចតែយើងពុំទាន់មានសមត្ថភាពចាប់យកប៉ុណ្ណោះ។

ឯកឧត្តម ស សុខា បានថ្លែងបន្តទៀតថា មួយវិញទៀត ក៏មិនប្រាកដថា អ្នកដែលមិនទទួលបានជោគជ័យ មិនអាចក្លាយជាមនុស្សល្បី ឬជាសិល្បករឆ្នើម ក្នុងពេលខាងមុខបាននោះដែរ តួយ៉ាងលោកតា ស៊ិន ស៊ីសាមុត គឺជាអ្នកប្រឡងចម្រៀង ជាប់លេខ២ រីឯលោកតា ឆេង ហ៊ន គឺជាបេក្ខជនជាប់លេខ១ ក៏ប៉ុន្តែយើងពិនិត្យទិដ្ឋភាពជាក់ស្ដែង លោកតា ស៊ិន ស៊ីសាមុត ត្រូវបានមហាជនផ្ដល់ងារថា អធិរាជសំឡេងមាស ល្បីតជំនាន់។ ឯលោក ឆេង ហ៊ន ស្ទើតែមិនមាននរណាស្គាល់ ឬលឺឈ្មោះផង៕

 

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *