ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើទៅម្ចាស់បុរីទាំងអស់ឲ្យបញ្ឈប់នូវសកម្មភាពរឹបអូសផ្ទះអ្នកទិញ និងបញ្ជាទៅរដ្ឋមន្ត្រីសេដ្ឋកិច្ចពិនិត្យមើលករណីនេះ។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកហូតផ្ទះរបស់អតិថិជនដែលបានបង់ហើយមិនអាចបំពេញតាមកាតព្វកិច្ចបានវានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ ហ៊ុនសែន ស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់ ហើយក្នុងករណីដែលរឹបអូសផ្ទះពីអ្នកទិញរួចហើយ សូមឱ្យពិភាក្សាជាមួយនឹងអ្នកទិញសារជាថ្មីឡើងវិញ។
សម្ដេចតេជោ ហ៊ុនសែន ស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់ និងឲ្យស្រង់ទិន្នន័យនៃករណីរឹបអូសផ្ទះនេះជូនសម្ដេច។
សម្ដេចថា៖ «ចាប់ពីម៉ោងទទួលសាររបស់ខ្ញុំគឺសុំឈប់!»
ជាមួយគ្នានេះសម្ដេចតេជោក៏បានស្នើទៅដល់អ្នកបង់ផ្ទះឲ្យគោរពកាតព្វកិច្ចនៃការបង់ថ្លៃផ្ទះផងដែរ។
សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីសំណាក់ម្ចាស់បុរីដែលលក់បុរី ផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះនេះ។
សម្ដេចតេជោ បញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរៀបចំឡើងវិញលើគណនេយ្យរាប់សែនលើការបង់រំលស់ផ្ទះនេះ ដោយអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះនេះ។
សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេចពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះសម្ដេច ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះ របស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋអាចបន្តបង់ប្រាក់រំលស់ផ្ទះបាន៕