Breaking News

លោក ហ៊ុន ម៉ាណែត៖ មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ មានប្រសាសន៍ថា មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព។

លោកបណ្ឌិតបន្តថា កត្តាទី១. សន្តិភាព គឺជាគុណតម្លៃនៃការរស់នៅដោយស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្មានអំពើហិង្សា ហើយសន្តិភាពនេះ គឺជាមូលគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទី២. សិទ្ធិសេរីភាព គឺជាអំណាចក្នុងការសម្រេចចិត្ត និងការជ្រើសរើសទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការរៀនសូត្រ, ការប្រកបអាជីពការងារ ឬធុរកិច្ច, ជំនឿសាសនា និងការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិផងដែរ និងកត្តាទី៣. ជីវភាព គឺសំដៅដល់សុខភាព, គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការលើកកម្ពស់កម្រិតចំណូលសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែល្អប្រសើរ ហើយដែលធ្វើឱ្យសង្គមជាតិទាំងមូលកាន់តែពោរពេញដោយសេចក្តីសុខ និងភាពសុខដុមរមនា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមអនុមោទនាត្រេកអរចំពោះកកើតឡើងនូវសមិទ្ធផលថ្មីៗ រួមមាន អគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមនៃវត្តភ្នៀតសិម្ពលី ដែលមានអាយុកាលដ៏ចំណាស់ប្រមាណ ៤៩១ ឆ្នាំ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជា និងប្រើប្រាស់តាមប្រពៃណីជំនឿសាសនា ដើម្បីជាទីស្ងប់សុខផ្លូវចិត្ត។ សមិទ្ធផលដែលត្រូវបានកសាងលេចចេញជារូបរាងឡើងមកនេះ គឺកើតឡើងដោយសារកម្លាំងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការ, ព្រះតេជព្រះគុណព្រះសង្ឃ, គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាទាំងគំនិត ធនធាន និងកម្លាំង ដើម្បីជាប្រយោជន៍សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន និងឋិតថេរគង់វង្សគ្រប់ ៥.០០០ ព្រះវស្សាតាមពុទ្ធប្បញ្ញត្តិ។

លោក ហ៊ុន ម៉ាណែតថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជា អាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន។ កិច្ចការនេះ មិនមែនងាយស្រួលនោះឡើយ ពីព្រោះពេលនោះ ដៃម្ខាងត្រូវទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ ហើយរហូតមកដល់បច្ចុប្បន្ន យើងមានវត្តព្រះពុទ្ធសាសនាប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ នៅទូទាំងប្រទេស ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន ក៏អាចធ្វើសកម្មភាព និងមានការគោរពបដិបត្តិបានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ផងដែរក្នុងការបង្កើតសន្តិភាព៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *