ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាក្រុងបាវិតចំនួន ១៥៤នាក់ ក្នុងនោះមេដាយមាសចំនួន ២៨គ្រឿង និងមេដាយប្រាក់ចំនួន ១២៦គ្រឿង។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានពាំនាំ និងផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជា មន្រ្តីរាជការ និងប្រជាជននៅក្រុងបាវិតទាំងអស់។
ឯកឧត្តមបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចឡើយចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា ដែលបានពលី និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសន្តិភាព។ សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីគាំពារសុខមាលភាព និងគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជារបស់យើង ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកផងដែរថា គ្មានប្រជាជនកម្ពុជាណាម្នាក់ ដែលចង់ឲ្យប្រទេសធ្លាក់ចូលក្នុងសង្រ្គាមនោះឡើយ។ ប្រវត្តិសាស្រ្តដ៏សែនជូរចត់របស់កម្ពុជា បានបន្សល់ទុកនូវភាពក្រៀមក្រំ ការបែកបាក់ និងការកាប់សម្លាប់គ្នា ដែលតម្រូវឲ្យយុវជននាសម័យនោះ ត្រូវពលីអាយុជីវិត និងលះបង់ដើម្បីសុខដុមរមនា និងភាពសុខសាន្តសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង និងត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន៕ដោយ៖ សិរី នាគ