ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនក្រុមអ្នកលេញកាំបិតផ្គាក់ចំនួន ១៣នាក់ បន្ទាប់ពីពួកគេប្រដាប់ដោយកាំបិតផ្គាក់ នាំគ្នាចូលកាប់បំផ្លាញម៉ូតូ ១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះ នៅចំណុចផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ភ្លាមៗក្រោយកើតហេតុកម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន ៤ដើម។ ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១៣នាក់ បានសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សាចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារកន្លងមក ពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះ ស្មានថា ជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។
ក្រុមក្មេងទំនើងទាំង ១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕