ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធមខណៈកំពុងជិះម៉ូតូត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ហាវេស ផេរភើរបុកពីក្រោយពេញទំហឹង ការពីវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកប្រណាក សង្កាត់ជេីងឯក ខណ្ឌដង្កោ ។
សពបុរសខាងលើមានឈ្មោះ ជូ សៀង អាយុ ៧៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅឃុំដំរីពូន ក្រុងព្រៃវែង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតមជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD 8928ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ខណៈមកចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកទំនិញម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3E 2325 បើកមកបុកពីក្រោយពេញទំហឹង បណ្តាលអោយម៉ូតូខ្ទាតទៅម្ខាង ហេីយម្ចាស់ម៉ូតូត្រូវរថយន្តកិនចំក្បាលបាត់បង់ជីវិតភ្លាមៗនៅលើដងផ្លូវ ចំណែកអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បើតាមសម្ដីស្ត្រីម្នាក់ដែលត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់នឹងប្ដីដែលជាជនរងគ្រោះបានមកលេងកូននៅភូមិកើតហេតុខាងលើ កាលពីថ្ងៃទី ៣ខែកក្កដាឆ្នាំ ២០២៣ នេះហើយនៅមុនពេលកេីតហេតុ ប្ដីរបស់គាត់បានជិះម៉ូតូមកទិញកាតទូរស័ព្ទ ហើយមួយសន្ទុះក្រោយមកស្រាប់តែក្រុមគ្រួសារបានទទួលទូរសព្ទ ពីសមត្ថកិច្ចថាប្ដីរបស់គាត់បានស្លាប់ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ពេលដែលបានទទួលព័ត៌មាន គាត់នឹងកូនបានមកមើលឃើញប្ដីរបស់គាត់បានស្លាប់ពិតប្រាកដមែន។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមន៏តិវិធីច្បាប់ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕