Breaking News

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទកភាព ដោយត្រូវបានចាត់ទុកថាជា “មាសបៃតង”

ព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វិស័យទេសចរណ៍ “វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម និងធ្វើឱ្យមានការប្រែប្រួល ផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមានការអភិវឌ្ឍ វិស័យទេសចរណ៍ នៅកម្ពុជា។

លោកបណ្ឌិត ថោង ខុន បញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទកភាព ដោយត្រូវបានចាត់ទុកថាជា “មាសបៃតង” ដែលបានដើរតួនាទីជាចន្ទុលគន្លឹះមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយ អាចចេញចូលអូប័រទេសចរណ៍តូចធំជាង២០គ្រឿង ក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ជាកំពង់ផែទេសចរណ៍ដ៏មានសក្តានុពលប្រចាំខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។

លោកបណ្ឌិត ថោង ខុន បានលើកឡើងថា កំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះ ក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តកាន់តែច្រើនថែមទៀត។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សមិទ្ធផលកំពង់ផែទេសចរណ៍ថ្មីនេះ កើតឡើងគឺដោយមានការគាំទ្រពី លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការរៀបចំកំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរ មកពីប្រទេសថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដទៃទៀត ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកមានភាពងាយស្រួល ដែលកន្លងមកគឺមិនមានកំពង់ផែទេសចរណ៍ ដែលជាការលំបាក ទៅដល់ការចូលចត របស់នាវាទេសចរណ៍៕

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *