(បាត់ដំបង)៖ មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាល ក្រោយដួលម៉ូតូបន្ទាប់ពីជនមិនស្គាល់មុខ០២នាក់ជិះម៉ូតូដេញកាប់កាលពីវេលាម៉ោង ២១និង៥០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដល់ចំណុចក្បែរស្តុបបេនឡានផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីជនរងគ្រោះបានអោយដឹងថា ដំបូងឡើយពួកគេបានជិះម៉ូតូ០១គ្រឿងគ្នាបីនាក់ក្នុងនោះស្រីម្នាក់ ធ្វើដំណើរចេញពីគោលដៅផ្តុំផ្សារភួពុយតាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះមកក្នុងក្រុងបាត់ដំបង ប៉ុន្តែភ្លាមនោះក៏លិចចេញបុរសពីរនាក់បានជិះម៉ូតូដឹកគ្នាមកឆក់ទូរស័ព្ទពីដៃតែមិនបានសម្រេចពួកខ្លួនបានជិះម៉ូតូគេច តែត្រូវជនសង្ស័យជិះតាមដោយមានកាំបិតដេញកាប់ពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើពួកខ្លួនកីបានដួលម៉ូតូបណ្តាលអោយបែកក្បាលនិងរងរបួសពេញខ្លួនទាំងបីនាក់តែម្តង បន្ទាប់មកជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលអស់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យយករថយន្តមកដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕