Breaking News

ឯកឧត្តម សាយ សំអាល់៖ យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាមាន ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា

(ព្រះសីហនុ)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះឱ្យបាន កុំឲ្យការឈឺចាប់ពីអតីតកាលត្រឡប់មកវិញ។ អតីត កាលដ៏ឈឺចាប់ដោយជឿតាមការញុះញង់ពីក្រុមជ្រុលនិយមដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏រ៊ាំរ៉ៃអស់ជាច្រើនឆ្នាំ ទំរាំកម្ពុជាមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ ឧត្តមភាពរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់បាននោះទេ សុខសន្តិភាពមានតម្លៃបំផុត ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ-ចិត្ត ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សមាជិក-សមាជិកា។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការរួបរួមសហការគ្នាយ៉ាងល្អ និងស្អិតរមួតរវាងក្រុមការងារចុះមូលដ្ឋាន និងសមាជិក-សមាជិកា គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឲ្យកម្លាំងរបស់គណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំ បន្តបេសកកម្មក្នុងការកសាងប្រទេសជាតិ ដែលគណបក្សបានប្រគល់ជូន និងឈានឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកទឹកចិត្ត សូមសមាជិក-សមាជិកា ទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ព្រោះថាគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ធ្វើយ៉ាងណានាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍បន្ថែមទៀតថា កោះរ៉ុងមិនត្រឹមតែជារបស់ខេត្តព្រះសីហនុ និងកម្ពុជាប៉ុណ្ណោះទេ តែជារបស់អន្តរជាតិ ក្នុងការទំនាក់ទំនង និងវិស័យទេសចរណ៍ក្នុងការទាកទាញភ្ញៀវ ដូច្នេះអ្នកកោះរ៉ុងចាំបាច់ត្រូវចេះភាសា ដើម្បីរង់ចាំទទួលភ្ញៀវបរទេស និងរៀបចំនូវសេវាកម្មគ្រប់ផ្នែកទាំងអស់ឲ្យបានល្អបំផុត ពិសេសរៀបចំតំបន់ទេសចរណ៍ឲ្យមាលក្ខណៈជាអន្តរជាតិ សម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ និងពង្រឹងឲ្យកាន់តែខ្លាំងលើសណ្តាប់ឆ្នាប់ និងសន្តិសុខ។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *