ភ្នំពេញ៖ ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី ក្នុងនោះបានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី និងកំពុងដោះស្រាយចំនួន ១៨១គណនី។
នេះបើយោងតាមការឱ្យដឹងពីហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា គិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣.៧៧៧គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២.២៦៦គណនី កំពុងពិនិត្យដោះស្រាយ ៤៥៥គណនី។ វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ផងដែរ។
ជាមួយគ្នានោះសម្តេចក្រឡាហោម ស ខេង បានសរសើរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។
សម្តេចក្រឡាហោមក៏បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថា ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល៕ដោយ៖ សិរី នាគ