Breaking News

ឪពុកស្រវឹងស្រា រាលកៃកាំភ្លើងកែច្នៃ ត្រូវកូនស្រីស្លាប់ភ្លាមៗនៅនឹងកន្លែង

ព្រះវិហារ៖ ក្មេងស្រីអាយុ ១២ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម្ម ដោយសារឪពុកស្រវឹងស្រា ហើយប្រើប្រាស់កាំភ្លើងកែច្នៃបានរាលកៃចំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង ១១:០០នាទីថ្ងៃ នៅចំណុចខ្ទមចម្ការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា ករណីនេះជាករណីមនុស្សឃាតដោយអចេតនា ដោយអាវុធកែច្នៃចំកូនស្រីបណ្ដាលឱ្យស្លាប់។ ជនបង្កឈ្មោះ រិន គង់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកសិករ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បច្ចុប្បន្នរស់នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី។ ចំណែកជនរងគ្រោះ ឈ្មោះ រិន ខាត់ណា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្ស។

ចំពោះមូលហេតុ ជនបង្កជាមនុស្សញៀនស្រា បានយកអាវុធកែច្នៃមកលេង បណ្តាលឲ្យរាលកៃផ្ទុះត្រូវជនរងគ្រោះជាកូនស្រី។ ភ្លាមៗនោះ ឈ្មោះ ព្រេជ សុភាព ត្រូវជាប្រពន្ធជនបង្កបានទាញកាំបិតកាប់ក្បាលប្តី ឈ្មោះ រិន គង់ ចំនួន៣កាំបិត ដែលជាជនបង្ក ដោយទប់កំហឹងមិនបាន ក្រោយឃើញប្ដីធ្វើឱ្យរាលកៃអាវុធត្រូវកូនស្លាប់ដូចនេះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនាំជនបង្កទៅព្យាបាលនៅមណ្ឌលសុខភាពចំរើន រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *