Breaking News

ទេសរដ្ឋមន្ត្រី លី ធុជ៖ ណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

  ខេត្តស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានកំណត់គោលដៅ និងណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មុននឹងឈានទៅដល់ការបិទយុទ្ធនាកាឃោសនាបោះឆ្នោតរយៈពេល ៦ថ្ងៃនេះទៀត។ មនុស្សទាំង ៣ ប្រភេទនោះ រួមមាន ទី១.សមាជិក សមាជិកាបក្សដែលយើងត្រូវចុះឲ្យដល់គ្រប់ខ្នងផ្ទះ ទី២.សមាជិកបក្សដទៃដែលយើងត្រូវជួបនិងប្រមែប្រមូលពួកគាត់ឲ្យចូលរួមគាំទ្រសន្តិភាពទាំងអស់គ្នា និងទី៣.អ្នកដែលមិនទាន់សម្រេចចិត្តក្នុងការបោះឆ្នោត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត។

ជាមួយគ្នានោះ លោកប្រធានក្រុមការគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជម្រុញឲ្យសកម្មជន សមាជិក សមាជិកាបក្សគ្រាប់ជាន់ថ្នាក់ បន្តសកម្មភាពរបស់ខ្លួនចុះមូលដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លា ដើម្បីស្វែងរកការគាំទ្រពីមនុស្ស ៣ប្រភេទនេះ ព្រមទាំងរក្សាឲ្យបាននូវគុណតម្លៃ ៧ចំណុចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់ រួមមាន ៖ ទី១.មានសុជីវធម៌ ចេះគួរសម និងមានរបៀបរបប ទី២.ចេះដាក់ខ្លួន និងសុភាពរាបសារ ទី៣.មានភាពក្លាហានចុះឲ្យដល់គោលដៅ ទី៤.ចេះអធ្យាស្រ័យ អត់ធ្មត់ និងអត់អោន ទី៥.មានភាពសុចរិត ទី៦.មានការយោគយល់ និងទី៧.មានភាពស្មោះត្រង់។

លោកបន្តទៀតថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺចង់បានឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ខុសពីពួកក្រុមអគតិមួយចំនួនដែលតែងតែបង្កការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។

ជាចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយនូវគោលនយោបាយគណបក្សចុះតាមខ្នងផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចាប់តាំងផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃតំបូង៕SRN

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *