ព្រៃវែង៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា រយៈពេល១៥ថ្ងៃ នៃឃោសនាបោះឆ្នោត គឺសភាពការណ៍ មានភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង។
ការថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារ គណៈបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ រយៈពេល ១៥ថ្ងៃ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ក្នុងរយៈពេលឃោសនាបោះឆ្នោត នៅរយៈពេល១៥ថ្ងៃនេះ គឺសភាពការណ៍ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង និងអសន្ដិសុខណាមួយកើតឡើងនោះឡើយ។
ទន្ទឹមគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់ដែលក្រុមការងារគណបក្សប្រជាជន នៅពេលដែលចុះឃោសនា និងបង្ហាញគូសសន្លឹកឆ្នោត ដោយលោកបានណែនាំថា មិនត្រូវចុះទៅភ្លាមៗ បង្រៀនគូសសន្លឹកឆ្នោតតែម្ដងនោះទេ គឺដំបូងត្រូវសំណេះសំណាល និងសាកសួរសុខទុក្ខ អំពីជីវភាពការរស់នៅ និងបញ្ហាផ្សេងៗ របស់ពួកគាត់ ដែលរស់នៅជាប្រចាំថ្ងៃ៕SRN