Breaking News

សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ

បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមដំណើរដោយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតក្នុងអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមសង្កេតឃើញនៅការិយាល័យបោះឆ្នោតនាព្រឹកនេះ មានបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានមកឈរតម្រៀបគ្នាជាជួរ ដើម្បីចូលទៅបោះឆ្នោត ដើម្បីជ្រើសរើសគណបក្ស ដែលពួកគាត់ស្រឡាញ់ពេញចិត្តមកធ្វើការដឹកនាំប្រទេសជាតិ។

លោក អេង ភីរុណ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបានមកបោះឆ្នោតនៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺនេះដែរ បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈដែលលោកនិងក្រុមគ្រួសាររបស់គាត់ បានមកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដោយឈរលើភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព គ្មានការបង្ខិតបង្ខំឡើយ។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ បានដំណើរការទៅចាប់ផ្តើមពីម៉ោង៧និង០០នាទី ហើយត្រូវបញ្ចប់នៅវេលាម៉ោង៣រសៀល ដើម្បីក្រុមការងារគណៈកម្មការរៀបចំបោះឆ្នោតខេត្តបាត់ដំបង ធ្វើការរាប់សន្លឹកឆ្នោត។

គួរបង្ហាញផងដែរថា សម្រាប់ខេត្តបាត់ដំបង ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សរុបទាំងអស់មានចំនួន ៦៦១ពាន់៩៧០នាក់ ក្នុងនោះស្រីចំនួន ៣៤៧ពាន់៨១២នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ៦៣៣ពាន់៧៦៣នាក់ កើនឡើង ២៨ពាន់ ២០៧នាក់៕

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *