Breaking News

ឯកឧត្តម ស សុខា ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ខ្លួន ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន ៖

[ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង ខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានអញ្ជើញទៅបោះឆ្នោតជាង ៦២ម៉ឺននាក់ ស្មើនឹងជាង ៨៤% និងជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់។ 

ជារួមខ្ញុំសូមសម្ដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតជាង៨លាននាក់ ស្មើនឹងជាង ៨៤% និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។ 

លទ្ធផលនេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទំខាងនយោបាយ ពោលគឺ បានគោរពយ៉ាងគត់មុតនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។ លើសពីនេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនលុះតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ ដែលអន្ទងខុសច្បាប់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

លទ្ធផលនេះ ក៏បង្ហាញអំពីស្មារតីសាមគ្គីរួបរួមរបស់ប្រជាពលរដ្ឋក្រោមឆ័ត្រគណបក្សប្រជាជនកម្ពុជាផងដែរ។ ដូច្នេះយើងបន្តកៀកស្មាស្រាក់ដៃគ្នាទាំងរដ្ឋនិងរាស្ត្រ ទាំងបក្សនិងម្ចាស់ឆ្នោត ដើម្បីនាំនាវាកម្ពុជាលើផ្លូវសន្តិភាព ឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ដើរឱ្យទាន់ពិភពលោកនាយុគ្គសម័យសង្គមឌីជីថល បម្រើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារសំបូរសប្បាយរុងរឿងព្រមៗគ្នា]៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *