Breaking News

ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បានរៀបចំពិធីទទួលទានអាហារពេលល្ងាចលាគ្នា ជូន លោក នោ ហ្យន់ជូន ប្រធានតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលចប់អាណត្តិ

រាជធានីភ្នំពេញ៖ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានរៀបចំពិធីទទួលទានអាហារពេលល្ងាចលាគ្នា ជូន លោក នោ ហ្យន់ជូន (Mr. Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលចប់អាណត្តិនៅកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងពេលប្រារពពិធី ទទួលទានអាហារពេលល្ងាចលាគ្នានោះ លោក នោ បានឆ្លៀតឱកាសបង្ហាញពីការយល់ឃើញ និងចំណាប់អារម្មណ៍ចំពោះការកាន់តំណែងរយៈពេល៤ឆ្នាំរបស់លោកនៅកម្ពុជា។ ជាពិសេសលោក បានកោតសរសើរដល់អាជ្ញាធរមីន   ចំពោះជោគជ័យក្នុងការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា។ លោកក៏បានអបអរសាទរដល់អាជ្ញាធរមីន  អំពីផែនការ ធ្វើជាម្ចាស់ផ្ទះ “សន្និសីទពិភពលោកជំនួយជនរងគ្រោះលើកទី៣” ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ 

ចំណែក ឯកឧត្ដម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃបេសកកម្មរយៈពេលបួនឆ្នាំរបស់លោក នោ នៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារកយកា និងអាជ្ញាធរមីន។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងសម្រាប់ភាពជោគជ័យនៃ “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស”។ 

ភាគីពាក់ព័ន្ធទាំងពីរ បានទទួលស្គាល់អំពីសក្តានុពលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតលទ្ធផលជាក់ស្តែង ដែលនឹងធានានូវភាពជោគជ័យនៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលបានចូលរួមជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *