Breaking News

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់ក្រុមការងារស្វែងរកសាកសពជនរងគ្រោះ បាត់ខ្លួននៅជ្រោះឱមាល់ គួររកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ, ខណៈអាជ្ញាធរប្ដេជ្ញាបន្តយុទ្ធនាការ ទោះបីមានឧបសគ្គអ្វីក៏ដោយ!

ភ្នំពេញ៖ យុទ្ធនាការស្វែងរកសាកសពជនរងគ្រោះម្នាក់ដែលត្រូវបានទឹកជ្រោះឱមាល់ ក្នុងខេត្តកំពតបុកយក គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ នៅតែរកមិនទាន់រកឃើញនៅឡើយនោះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជាបទពិសោធន៍ថា គួររកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ។

​យោងតាមសំណេរក្នុងហ្វសប៊ុករបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា «តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ!»។

ក្នុងសំណេររបស់លោករដ្ឋមន្ត្រីនោះដែរ ក៏ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតជាអ្នកទទួលបន្ទុកដឹកនាំកងកម្លាំងស្វែងរកសាកសព ចូលទៅខមិនឆ្លើយតបថា «សូមគោរពលោកអ៊ំសងខាងជ្រោះ ក៏យើងបានរុករកដែរ តែមិនទាន់ឃើញ ។ យើងកំពុងសង្ស័យថាខ្លាចគាត់(សព)គៀបជាប់នៅខាងក្រោមថ្មកន្លែងទឹកជ្រៅ ។ មួយវិញទៀត ប្រសិនបើគាត់បាត់បង់ជីវិតនៅលើគោកមកដល់ពេលនេះ ប្រាកដជាមានក្លិនចេញមកហើយលោកអ៊ំ»។

​​យោងតាមរយៈគណនីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត ត្រឹម១២ម៉ោងមុន បានបញ្ជាក់ថា «បេសកម្មថ្ងៃទីបី ក្នុងការស្វែងរកប្អូនស្រីខួច(អ្នកបាត់ខ្លួន) នៅលើជ្រោះឱមាល់នាថ្ងៃទី១ ខែសីហា។ ថ្ងៃទីបីក្នុងការស្វែងរកប្អូនស្រីខួច ដរាបណារកប្អូនមិនទាន់ឃើញ គឺយើងមិនឈប់ក្នុងការស្វែងរកប្អូននោះឡើយ ទោះបីមានឧបសគ្គអ្វីក៏ដោយ»។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានដឹកនាំកងកម្លាំងចេញស្វែងរកជនរងគ្រោះ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ និងបន្តសកម្មភាពស្វែងរកយុវតីម្នាក់ ដែលជាអ្នករងគ្រោះនៅលើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំជាហូរហែរ។

យុវតីដែលបាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បាននាំគ្នាទៅបោះតង់ នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះ មានភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់។ ក្រោយទទួលបានដំណឹង ពីក្រុមទេសចរណ៍ជាប់នៅលើទឹកជ្រោះ លោកស្នងការខេត្តនារសៀលថ្ងៃទី៣០ ខែកក្កដា ដឹកនាំកងកម្លាំងចុះស្វែងរកភ្លាម ក៏ប្រទះឃើញមនុស្ស២នាក់ ក្នុងចំណោម៣នាក់ ដោយបាត់ខ្លួនយុវតីម្នាក់៕ដោយ៖ សិរី នាគ

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *