Breaking News

មេធាវីរបស់ឧកញ៉ា នួន អក គំរាមប្ដឹងអ្នកកាសែតណាដែលផ្សាយរឿងកូនក្ដីរបស់ខ្លួនត្រូវអតិថិជនប្ដឹងករណីលក់ដីខ្យល់នៅខេត្តកំពត និងឆបោកជាង១ម៉ឺនដុល្លារ?

ភ្នំពេញ៖ ក្រោយពីជនរងគ្រោះដាក់ពាក្យប្ដឹងលោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD រឿងឆបោកប្រាក់ចំនួន ១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍ F1នៃគម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និងមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានក្នុងស្រុក ឥឡូវនេះមេធាវីរបស់លោកឧកញ៉ា នួន អក បានចេញលិខិតបំភ្លឺ និងគំរាមអ្នកកាសែតដែលហ៊ានផ្សាយការពិតឱ្យលុបរឿងអាស្រូវនោះជាកំហិត។

លិខិតចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD បានចាត់ទុកថា ការចុះផ្សាយអត្ថបទ រឿងជនរងគ្រោះឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ ៣៧ឆ្នាំ

ដាក់ពាក្យប្ដឹងឧកញ៉ា នួន អក ទៅកាន់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រឿងឆបោកប្រាក់ជាង ១ម៉ឺនដុល្លារក្នុងការលក់ដីខ្យល់នៅខេត្តកំពតនោះជារឿងមិនពិត នោះទេ។

មេធាវី គឹម វិញ្ញូរិទ្ធ បានចាត់ទុកការផ្សាយរបស់អ្នកកាសែតរឿងលោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ត្រូវអតិថិជនប្ដឹងករណីឆបោកប្រាក់ គឺជាការចុះផ្សាយខុសពីការពិតដើម្បីទាញយកប្រយោជន៍ពីលោកឧកញ៉ា នួន អក ។

ជាចុងក្រោយមេធាវី គឹម វិញ្ញូរិទ្ធ បានគំរាមចាត់វិធានការច្បាប់ប្រសិនបើអ្នកកាសែត និងអ្នកលេងFacebook នៅតែបន្តការផ្សាយរឿងអាស្រូវមួយនេះ មិនព្រមលុបចោលវិញក្នុងរយៈពេល ២៤ម៉ោងចាប់ពីពេលជូនដំណឹងនេះ។

ដើម្បីបង្ហាញការពិត និងលាតត្រដាងឱ្យកាន់តែច្បាស់ថា លោកឧកញ៉ា នួន អក ជាមនុស្សបរិសុទ្ធ ឬមិនបរិសុទ្ធ មេធាវីរបស់លោកឧកញ៉ា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញលិខិតមួយច្បាប់ មានកំរាស់២ទំព័រគំរាមអ្នកកាសែត និងអ្នកលេង Facebook ឱ្យលុបព័ត៌មានភ្លាម

គួរជម្រាបជូនថា បន្ទាប់ពីមានការចុះផ្សាយរបស់អ្នកកាសែត ពាក់ព័ន្ធករណី ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញភ្លាម ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧកញ៉ា នួន អក បានឱ្យកូនចៅរបស់ខ្លួនផ្ញើលុយទៅសងដើម្បីបណ្ដឹងដើម្បីបញ្ចប់វិវាទ។ នេះបើតាមប្រភពពីជនរងគ្រោះ។

ប្រភពបន្ថែមថា ក្រោយពេលកាសែតចុះផ្សាយរឿងគាត់ប្ដឹងលោកឧកញ៉ា នួន អក ភ្លាម គឺឧកញ៉ា នួន អក បានហៅទូរស័ព្ទទៅជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះ ដើម្បីសុំចចារបញ្ចប់រឿងរាប់សិបដង ប៉ុន្តែជនរងគ្រោះមិនព្រមសម្របសម្រួលជាមួយ ទើបនៅវេលាទៀបភ្លឺ និងព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា នួន អក ប្រើប្រាស់គណនីធនាគារឈ្មោះ CHHORN SREYNECH លេខ 000 483 492 ផ្ញើលុយចូលទៅគណនីរបស់ជនរងគ្រោះ ចំនួន ២លើក សរុបចំនួន ៣៥,១៦០ដុល្លារ ដោយដាក់នៅចំណុច REMARK ថា ប្រាក់ព្រមព្រៀងបញ្ចប់វិវាទរវាងឧកញ៉ា នួន អក និងលោកស្រី ឡុង សុភ័ក្ត្រ ថែមទៀតផង។

ជនរងគ្រោះ បន្ថែមថា លុយសរុប ៣៥,១៦០ដុល្លារនោះ ទំនងជាលោកឧកញ៉ា នួន អក សងលោកស្រី ចំនួន ១១,៧២០ ដុល្លារ ជាលុយដែលលោកស្រីកក់ក្នុងការទិញដីឡូតិ៍F1 និងលុយចំនួន ២៣,៤៤០ដុល្លារ ទៀតទំនងជាលុយសំណងជំងឺចិត្តដែលលោកស្រីទាមទារនៅក្នុងបណ្ដឹងដែលលោកស្រីដាក់ជូន ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។ 

ប្រសិនបើរឿង ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ព្រមសងជនរងគ្រោះ ទាំងប្រាក់កក់ និងប្រាក់ជំងឺចិត្ត ដែលជនរងគ្រោះប្ដឹងទាមទារ?

ប្រសិនបើរឿង ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ខំហៅទូរស័ព្ទលេខ ០៦១ ៨៧៥៥៥៥ និងលេខ ០១៥ ៨៧៥៥៥៥ ទៅជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះជាច្រើនលើកច្រើនសារទាំងយប់ដើម្បីសុំបញ្ចប់រឿង?

ប្រសិនបើរឿង ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ឱ្យកូនចៅផ្ញើលុយទៅសងជនរងគ្រោះ ដោយមិនរងចាំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កោះហៅទៅបើកសវនាការតទល់គ្នាជាសាធារណៈ ផ្សាយផ្ទាល់ឱ្យមហាជនបានដឹង និងបានឃើញការពិត ថាអ្នកណាខុសអ្នកណាត្រូវ? បែរជាស្នើសុំឱ្យជនរងគ្រោះទៅដកពាក្យបណ្ដឹងនោះមកវិញ? ឬក៏លោកឧកញ៉ា ខ្លាចការពិតមិនហ៊ានទៅតទល់គ្នាចំពោះមុខ ឯកឧត្តមអភិបាលខេត្ត ទើបបានជាលោកឧកញ៉ា ចោទប្រកាន់ថា អ្នកកាសែតចុះរឿងជនរងគ្រោះប្ដឹងលោកឧកញ៉ា ជារឿងមិនពិតទៅវិញ?

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ ៣៧ឆ្នាំ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ បានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ១ម៉ឺនដុល្លារ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលដាក់ជូនឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឲ្យជួយរកយុត្តិធម៌ ដោយសារតែលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD បានឆបោកប្រាក់របស់ខ្លួនចំនួន ១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍គម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

ពាក្យបណ្ដឹងរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ បានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតនៅក្នុងគម្រោងឌីសាគូរ៉ាផាក  ដីឡូតិ៍លេខF3 មានទំហំ ៨០០ម៉ែត្រការ៉េ តំលៃលក់សរុបគឺ ២៤,០០០ ដុល្លារ និងបានកក់ប្រាក់ចំនួន ១០,០០០ដុល្លារ។

ដោយសារតែទីតាំងដីឡូតិ៍F3ខាងលើនោះ ស្ថិតនៅជិតចំណតឡាន និងមានភាពអ៊ូអរពេក ដោយជនរងគ្រោះចង់ធ្វើផ្ទះលំហែរ និងមិនចង់អ៊ូអរ ទើបជនរងគ្រោះស្នើសុំក្រុមហ៊ុនប្តូរទីតាំងដី ទៅកន្លែងផ្សេងដែលមានទំហំធំជាងមុន និងស្ថិតនៅទីតាំងខាងក្រោយគេ និងឯកភាព បង់ប្រាក់តាមទំហំ ដែលធំជាងតាមរយៈការចរចារពីបុគ្គលិកក្រុមហ៊ុនផ្នែកលក់ឈ្មោះ ហាក់ ចាន់ថេង និងឈ្មោះ ឡុក ម៉េងឡុង។

ដីឡូតិ៍ថ្មី នៅទីតាំងថ្មីគឺលេខ F1 មានទំហំ ៩២០,០៣ម៉ែត្រការ៉េ ក្រុមហ៊ុនតម្រូវឲ្យជនរងគ្រោះកក់ប្រាក់បន្ថែមចំនួន ៨,៤៤០ដុល្លារ (លើប្រាក់កក់ ១០,០០០ដុល្លារកាលពីពេលមុន)។

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះ បានកក់ប្រាក់ចំនួន ៥,០០០ដុល្លារបន្ថែម។

ជនរងគ្រោះបញ្ជាក់ថា រាល់ការទូទាត់ប្រាក់កក់ទាំង ៣លើកសរុបចំនួន ២៣,៤៤០ដុល្លារ

គឺធ្វើការផ្ទេរតាមរយ:ធនាគារ ABA ចូលគណនីធនាគារ របស់លោកឧកញ៉ា នួន អក លេខ៖ 000246453។

ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក បានសន្យាថា បន្ទាប់ពីប្រគល់ប្រាក់កក់រួចរយៈពេល ៣០ថ្ងៃ ជនរងគ្រោះ អាច ទទួលបានយកទៅប្រើប្រាស់ និងអាស្រ័យផល ដោយមានការចាក់ដីលុបរួចរាល់ មានប្រព័ន្ធទឹកស្អាត តភ្ជាប់ប្រព័ន្ធភ្លើងរដ្ឋ មានប្រព័ន្ធលូ និងផ្លូវបេតុងរួចរាល់។

ប៉ុន្តែការសន្យានេះ គឺវាគ្រាន់ តែជាការកុហក់បោកប្រាស់ជនរងគ្រោះតែប៉ុណ្ណោះ ពោលគឺនៅពេលគ្រប់ ៣០ថ្ងៃ ជនរងគ្រោះ សុំបង់លុយបង្គ្រប់ថ្លៃដី ដើម្បីទទួលដីយកទៅប្រើប្រាស់ បែរជាក្រុមហ៊ុនគ្មានដីដូចការសន្យា និងបង្ហាញលើក្រដាសប្រកាសលក់ឡើយ ពោលគឺគម្រោងដីឡូតិ៍  ឌឺសាគូរ៉ាផាក គឺនៅជាវាលស្រែ មិនទាន់មានការចាក់ដី និងរៀបចំអ្វីទាំងអស់។

ដោយសារតែក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា មិនគោរពតាមសន្យា និងមិនមានទីតាំងដីច្បាស់លាស់ប្រគល់ជូនជនរងគ្រោះ ទើបជនរងគ្រោះ សុំឲ្យក្រុមនេះប្រគល់លុយកក់ទាំងអស់នោះត្រឡប់មកវិញ។

ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT បានព្រមព្រៀងជាមួយជនរងគ្រោះ ដើម្បីធ្វើការបញ្ចប់វិវាទ ដោយធ្វើលិខិតបញ្ជាក់ការទូទាត់ប្រាក់ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសន្យាសងប្រាក់ទៅជនរងគ្រោះជា ២ដំណាក់កាលគឺ៖

-ដំណាក់កាលទី១ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ជនរងគ្រោះទទួលបានរួចហើយ)

-ដំណាក់កាលទី២ គឺ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

ប៉ុន្តែមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងក្រុមហ៊ុន BLUE BAY LAND DEVELOPMENT មិនទាន់បានអនុវត្ត កាត្វកិច្ចបង់ប្រាក់ដំណាក់កាលទី២ មកឲ្យជនរងគ្រោះឡើយ។

ទោះជាជនរងគ្រោះព្យាយាមទាក់ទងទៅបុគ្គលិកក្រុមហ៊ុន និងទៅដល់ទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនមានការឆ្លើយតបទៅជនរងគ្រោះនោះទេ។

ជនរងគ្រោះចាត់ទុកថា សកម្មភាពនៃការគេចវេស និងការមិនបំពេញកាតព្វកិច្ចឲ្យទាន់ពេលវេលាកំណត់ដែលធ្វើឡើងដោយ ក្រុមហ៊ុននេះ គឺ បានឆ្លុះបញ្ចាំងនូវចេតនាទុច្ចរិតយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនគ្មានទំនួលខុសត្រូវមកលើខ្លួនដែលជាអតិថិជនម្នាក់ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុននៃគម្រោងឌីសាគូរ៉ាផាក ដីឡូតិ៍លេខF1។

ដោយសាររងអំពើអយុត្តិធម៌ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENTរបស់លោកឧកញ៉ា នួន អក ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួយដោះស្រាយតាមច្បាប់៕SRN

 

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *