Breaking News

អគ្គលេខាធិការបក្សឡាវសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០២៣នេះ បានជំនួបតាមប្រព័ន្ធវីដេអូ រវាង ជាមួយ លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោកអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ បានថ្លែងនូវការអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានលទ្ធផលដ៏ត្រចះត្រចង់​ក្នុងការ​បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះក្នុងឱកាសដែល ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា បានចាត់​តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្តី ​នៃព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ​ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ​ដ៏សំខាន់នេះ បានទទួល​នូវការ​គាំទ្រ​យ៉ាងពេញ​ទំហឹងពីប្រជាជនកម្ពុជា។

លោកអគ្គលេខាធិការ បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹង​ចំពោះរាជរដ្ឋាភិ បាលអាណត្តិទី៧ ​ក្នុងការបន្តកសាង ​និងអភិវឌ្ឍន៍​ប្រទេសកម្ពុជា ឲ្យបានកាន់​តែរីក​ចម្រើនថែមទៀត​ ព្រមទាំងបានប្តេជ្ញានឹងបន្តពង្រឹង ​ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការបក្ស ថងលុន ស៊ីសុលី បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅ​ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបាន​ស្ងើច​សរសើរ​អំពី​តួនាទីស្នូល​របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម ​និងប្រកបដោយចក្ខុវិស័យ ដែល ទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងស្មោះសរចំពោះ លោក ថងលុន ស៊ីសុលីត​ ដែលបានអបអរសាទរ ​និងគាំទ្រយ៉ាងពេញទំហឹង ​ចំពោះគណបក្ស ​ប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំ​ដោយលោកបណ្ឌិត​ ហ៊ុន ​ម៉ាណែត ​ដែល​ឆ្លុះបញ្ចាំង​នូវភាតរភាព និង​សាមគ្គីភាពដ៏រឹងមាំ ​និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង​ប្រទេសទាំងពីរ។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​គួរអោយកត់សម្គាល់​ ដែល​ប្រជាជនឡាវ សម្រេច​បានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ​ដែលមាន លោក ថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់​ឡាវទាំងក្នុងវេទិកាតំបន់និងអន្តរជាតិ។

ថ្នាក់ដឹកនាំគណបក្សទាំងពីរបានអបអរសាទរទិវាអាស៊ាន ៨ សីហា ក្នុងឱកាសដែលប្រទេសស​មាជិក អាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ឆ្លៀតក្នុងឱកាសនេះដែរ ​សម្ដេចតេជោ ក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជា​ចំពោះឡាវ​ ជាប្រធានអាស៊ានឆ្នាំ២០២៤។ ​ថ្នាក់ដឹកនាំទាំងពីរបានវាយ​តម្លៃខ្ពស់​ចំពោះកិច្ច​សហប្រតិបត្តិការ​ប្រកបដោយផ្លែផ្កា​រវាងគណបក្ស ​និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិត​ក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស ​និងមិនប្រាកដប្រជា​ រ​បស់ពិភពលោក និងការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច​ដែលកាន់តែស្រួចស្រាល់​ និង​ស្មុគស្មាញ​ក៏ដោយ ក៏គណបក្ស ​និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនង​ជិតស្និទ្ធ ​តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការ​ផ្លាស់ប្តូរ​យោបល់តាមប្រព័ន្ធវីដេអូ ​និងទូរសព្ទ ​ទាំងថ្នាក់កំពូល ​និងថ្នាក់មូលដ្ឋាន។

ថ្នាក់ដឹកនាំទាំង​ពីរ​បាន​គូស​បញ្ជាក់ពីសារៈសំខាន់​នៃការបន្តពង្រឹង​ចំណងមិត្តភាព​ដ៏ជិតស្និទ្ធ និង សាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​គណបក្ស ​រដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុកដាក់​លើ​ការ​បណ្តុះបណ្តាល ​យុវជនបន្តវេន ​ដើម្បីរក្សា ​និងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែង​នៃប្រជាជាតិទាំងពីរ។ថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី · រួមមានអង្គការសហប្រជាជាតិ (អ.ស.ប )និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការ​ជិតស្និទ្ធនៅ​ក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹង រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

នៅចុងបញ្ចប់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវដទៃទៀតមកបំពេញ ទស្សនកិច្ចនៅកម្ពុជា។

ទន្ទឹមនេះ លោកអគ្គលេខាធិការ ​ក៏បានអញ្ជើញសម្តេចតេជោ ​និងបណ្តាថ្នាក់ ដឹកនាំកម្ពុជា​ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ តាមពេលវេលាសមស្របផងដែរ។

សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា និងបានផ្ញើសារជូនពរដល់សម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកនាយករដ្ឋមន្រ្តីថ្មី ហើយក៏ជាមេដឹកនាំដែលផុតអាណត្តិ។

ក្នុងលិខិតអបអរសាទរផ្ញើជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៦ ខែកក្កដា និងចេញផ្សាយដោយក្រសួងការបរទេស (MFA) នៅថ្ងៃទី៧ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានកត់សម្គាល់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរបានរីកចម្រើនចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅក្នុងឆ្នាំ២០១៨ នៅពេលដែលលោក ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងនាមជាសមាជិក Lee Kuan Yew Exchange Fellow លើកទី៦៤។

សារលិខិតជូនពរមានខ្លឹមសារថា៖ «យើងបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធាទៅយោធា ក្រោមការដឹកនាំរបស់អ្នកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ យើងក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ថ្មី និងកំពុងរីកចម្រើន ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងការជួញដូរឥណទានកាបូន»។

សារលិខិតដដែលពីនាយករដ្ឋមន្រ្តីសិង្ហបុរីបញ្ចាក់ថា សិង្ហបុរី-កម្ពុជា គួរតែបន្តស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការប្រែប្រួលអាកាសធាតុ និងការធ្វើឌីជីថល។

លោក Lee ថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងក្រុមការងាររបស់អ្នក ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ទាំងទ្វេភាគី និងវេទិកាពហុភាគី។ ខ្ញុំក៏ទន្ទឹងរង់ចាំជួបអ្នកដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខនេះ»។

ទន្ទឹមនោះ នាយករដ្ឋមន្រ្តីសិង្ហបុរីក៏បានផ្ញើសារជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយលោក Lee Hsien Loong បានអបអរសាទរ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដែលលទ្ធផលគឺជាការគាំទ្រយ៉ាងច្បាស់អំពីការដឹកនាំ និងចក្ខុវិស័យរបស់អ្នកសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

សារលិខិតជូនពររបស់នាយករដ្ឋមន្រ្តីសិង្ហបុរីបានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក ហើយបានដឹកនាំប្រទេសកម្ពុជាឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់មានពីមុនមក និងបានលើកឡើងពីជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ។

លោក Lee បានមានប្រសាសន៍ថា៖ «អ្នកបានខិតខំយ៉ាងខ្លាំងដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់ប្រជាជនកម្ពុជា»។

លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ សម្រាប់ការគាំទ្រដ៏រឹងមាំលើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសសិង្ហបុរី និងកម្ពុជា ដោយបញ្ជាក់ថាកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបានរីកចម្រើននៅទូទាំងវិសាលគមទូលំទូលាយនៃតំបន់ជាច្រើនឆ្នាំមកនេះ។

លោក Lee បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថ្មីលោក ហ៊ុន ម៉ាណែត ដើម្បីពង្រឹងភាពជាដៃគូរបស់ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *