ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថ្មី នៃរដ្ឋសភានីតិកាលទី៧ ដែលនឹងត្រូវ ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ នៅព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺកត្តាសាមគ្គី និងឯកភាពផ្ទៃក្នុងគណបក្ស។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា, សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិយើង គឺធនធានមនុស្ស… ហេតុដូច្នេះការវិនិយោគដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នឹងនៅបន្តជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីដែល ជំនួបនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានស្នើអោយ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋអោយបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។
សម្ដេចតេជោ សូមអោយនាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី ៕ដោយ៖ សិរី នាគ