Breaking News

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ស្តេចប្រដាល់ឡេតវេយ៍ភូមា ដាវ លីឌុច តបតាមការស្នើសុំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារទី១៥ ខែសីហានេះ បានឆ្លើយតបទៅកាន់ស្តេចប្រដាល់ឡាតវេយ៍ភូមា ដាវ លីឌុច ចំពោះសំណើសុំមកប្រកួតនៅលើទឹកដីកម្ពុជា នៅចុងឆ្នាំនេះ ដើម្បីជួបជាមួយកីឡាករ ព្រំ សំណាង មុនរូបគេប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់។

ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លើយតបនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមយ៉ាងដូច្នេះថា៖«សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។ សារនេះបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីជំនួបដ៏កក្រើករវាងកីឡាករ ដាវ លីឌុច និងកីឡាករ ព្រំ សំណាង ដ្បិតថា ស្តេចប្រដាល់ឡេតវេយ៍របស់ប្រទេសភូមា សញ្ជាតិកាណាដារូបនេះ ចិញ្ចឹមចិត្តចង់សាកក្បាច់គុនខ្មែរជាមួយកីឡាករលំដាប់ជួរមុខកម្ពុជា ព្រំ សំណាង អស់ជាច្រើនខែមកហើយ ខណៈអ្នកទាំងពីរក៏បានបង្ហោះសារឌឺដងដាក់គ្នាមិនតិចដែរទេនាពេលកន្លងមក ហើយការប្រកួតនេះ អាចថាជាជំនួបដ៏កក្រើកប្រចាំតំបន់អាស៊ាន និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទទី១៤សីហា ម្សិលមិញ កីឡាករ ដាវ លីឌុច បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន គោរពជូន ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជុំវិញការទទួលបានតំណែងជានាយករដ្ឋមន្ត្រីផង និងការស្នើសុំជួបប្រកួតជាមួយកីឡាករគុនខ្មែរ ដើម្បីរិតចំណងមិត្តភាពកម្ពុជា-ភូមា ក្នុងនាមជាប្រទេសបងប្អូនដែលមានវប្បធម៌ចំណាស់មួយក្នុងតំបន់។ កីឡាករ ដាវ លីឌុច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​។ នៅចុង​ឆ្នាំ​នេះ ខ្ញុំ​មកលេងប្រទេសកម្ពុជា​​ដ៏​ស្រស់​ស្អាត​ ​ហើយត្រូវ​ទៅ​ប្រកួត​ក្រោម​គុន​ខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។ ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន៥៤លាននាក់ ប្រទេសកម្ពុជាមាន១៦លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើង ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក»។

បន្ថែមលើនេះ កីឡាករ ដាវ លីឌុច មានជំនឿចិត្តថា ការប្រកួតរបស់គេនៅប្រទេសកម្ពុជា ជាមួយកីឡាករប្រដាល់ជួរមុខរបស់កម្ពុជា គឺកីឡាករ ព្រំ សំណាង នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យប្រដាល់គុនខ្មែរ ហើយអាចនឹងមានអ្នកទស្សនារាប់លាន់នាក់ជុំវិញពិភពលោក។ ស្តេចប្រដាល់គុនឡេតវេយ៍ភូមា បញ្ជាក់យ៉ាងដូច្នេះថា៖«ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍បស់ខ្ញុំ។ តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដម មានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។ ទោះ​បីជាខ្ញុំជាជនជាតិ​បរទេស​ក៏ដោយ ក៏​ខ្ញុំ​ស្រឡាញ់​ និង​គោរព​កម្ពុជាផង​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ព្រម​ប្រកួត​ក្រោម​គុន​ខ្មែរ​បុរាណ ព្រោះ​ខ្ញុំ​ដឹង​ពីប្រវត្តិ​សាស្ត្រពិត…ខ្ញុំ​ចង់​ចាប់​ដៃ​​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដម អាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ! សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។

គួរបញ្ជាក់ថា សម្រាប់ការបញ្ជាក់ដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតពិភពលោកមួយនៅចុងឆ្នាំនេះ ខណៈ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាចនឹងចូលរួមជាសក្ខីភាពក្នុងពិធីនោះផងដែរ។ ដូច្នេះ វាច្បាស់ណាស់ថា ស្តេចប្រដាល់គុនឡេតវេយ៍ភូមា កីឡាករ ដាវ លីឌុច នឹងបង្ហាញវត្តមាននៅប្រទេសកម្ពុជា ប្រកួតប្រដាល់គុនខ្មែរ ហើយព្រឹត្តិការណ៍ប្រដាល់ដ៏ធំមួយនេះ នឹងរុញច្រានគុនខ្មែរឆ្ពោះទៅកាន់ឆាកអន្តរជាតិកាន់តែលឿនមិនខានឡើយ…៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *