ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានលើកឡើងអំពីសមិទ្ធផលធំៗ ចំនួន៨ ដែលសម្តេចក្រឡាហោម ស ខេង បានខិតខំពុះពារសម្រេចបាន រួមមាន៖
១. សម្តេចក្រឡាហោម ស ខេង បានដឹកនាំកសាង ពង្រឹងកងកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ ដើម្បីធ្វើជាកម្លាំងបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់សង្គមជាតិទាំងមូលគ្រប់កាលៈទេសៈ សំដៅចូលរួមបន្តបរិយាកាសអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។
២. សម្តេចក្រឡាហោម ស ខេង បានដឹកនាំកងកម្លាំងនគរបាលជាតិសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីរក្សាការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង និងចូលរួមអភិវឌ្ឍ ប្រែក្លាយតំបន់ព្រំដែនពីអតីតសមរភូមិ តំបន់ដាច់ស្រយាល ទៅជាតំបន់ដែលកំពុងមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ។
៣. សម្តេចក្រឡាហោម ស ខេង បានដឹកនាំការកែសម្រួល និងបំពេញរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់់ ដើម្បីចូលរួមពង្រឹងសន្តិសុខជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
៤. សម្តេចក្រឡាហោម ស ខេង បានដឹកនាំការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ចូលរួមរក្សាការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ដែលចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈ សេវាសង្គម និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារតាមវិស័យនានា។
៥. សម្តេចក្រឡាហោម ស ខេង បានដឹកនាំសម្របសម្រួល ជំរុញ និងកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យវិសហមជ្ឈការ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានមុខងារ និងធនធានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងភាពជាម្ចាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការតាមមូលដ្ឋាន ដែលជាការពង្រឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍នានា ទូទាំងប្រទេស។
៦. សម្តេចក្រឡាហោម ស ខេង បានដឹកនាំរៀបចំច្បាប់ លិខិតបទដ្ឋាន នីតិវិធី សម្រាប់ប្រជាពលរដ្ឋ និងការរៀបចំចុះបញ្ជីគណបក្សនយោបាយ សមាគមន៍ អង្គការក្រៅរដ្ឋាភិបាល ដើម្បីធានា ការពារ និងលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
៧. ផ្អែកតាមគោនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង បានដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយអង្គការអន្តរជាតិ និងប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការងារសម្អាតប្រាក់ ការចូលរួមប្រយុទ្ធប្រឆាំងការរីកសាយភាយនៃអាវុធមហាប្រល័យ និងការងារជាច្រើនទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
៨. សម្តេចក្រឡាហោម ស ខេង បានផ្តួចផ្តើមដឹកនាំកសាងអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃ ដែលកសាងឡើងដោយក្បូរក្បាច់រចនាបែបខ្មែរយ៉ាងល្អ ហើយសម្តេចតែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ដឹកនាំណែនាំដោយផ្ទាល់ សម្រាប់ឱ្យមន្ត្រីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើ ក៏មានសមិទ្ធិផលជាច្រើនទៀតដែលក្រសួងមហាផ្ទៃសម្រេចបាន ក្រោមការដឹកនាំ ប្រឹងប្រែង ពុះពាររបស់សម្តេចក្រឡាហោមផងដែរ។
ការលើកឡើងនេះ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ៕SRN