Breaking News

នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖​ អភិវឌ្ឍន៍មូលធនមនុស្ស តាមរយៈពង្រឹងគុណភាពវិស័យអប់រំ បណ្ដុះបណ្តាលជំនាញបច្ចេកទេស សុខភាព ប្រព័ន្ធគាំពារសង្គម និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោត លើកិច្ចការអាទិភាព ចំនួន ៥ គឺ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមាន គោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និង ការបណ្តុះបណ្តាល ប្រកបដោយគុណភាព និង ជំនាញខ្ពស់ តាមរយៈ ការពង្រឹងអភិបាលកិច្ចន ការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត។

នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើនគុណភាព និង ការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា (STEAM), និង ការពង្រឹងការអប់រំកាយ និងកីឡា ការបណ្ដុះបណ្តាលជំនាញបច្ចេកទេស ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនការចុះឈ្មោះ ចូលរៀន; ការរៀបចំជំនាញឡើងវិញ និង ការបង្កើនជំនាញ (Reskilling and Upskilling); ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ ការដោះស្រាយបញ្ហានៃភាពមិនស៊ីចង្វាក់គ្នារវាង ការបណ្តុះបណ្តាល និង តម្រូវការ, ទាំងប្រភេទ និង គុណភាពជំនាញ; និង ការពង្រឹងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត ដែលត្រូវបានដាក់ចេញ
ការលើកកម្ពស់ សុខភាព និង សុខុមាលភាពប្រជាជន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់ បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្ត លើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និង មាតា, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុង ការដឹកនាំបរិវត្តកម្ម និង អភិបាលកិច្ច ក្នុង វិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និង សមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និង ការថែទាំ, ការបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ការលើកកម្ពស់សមត្ថភាពជំនាញ, ការលើកកម្ពស់កិច្ចសហការ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ, និង ការចូលរួមរបស់ប្រជាជនតាមសហគមន៍។

ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការពង្រឹង ប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្ដុំ និង សង្គតិភាព, ទាំងក្នុងប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គម, និង ការពង្រឹងប្រព័ន្ធ ស្បៀង ដែលផ្តល់សន្តិសុខស្បៀង និង អាហារូបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើ ស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” និង ដោយគោរពតាមអភិក្រម ចំនួន ៤ គឺ ទី១.ចីរភាពនៃកម្មវិធី, ទី២.លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ, ទី៣.ការធានា បរិយាប័ន្ន និង សមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋ លើគ្រួសារក្រីក្រ គ្រួសារ ងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ, និងទី៤.ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធ គាំពារសង្គម តាមរយៈការអភិវឌ្ឍប្រព័ន្ធ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា​ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និង បរិយាប័ន្ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើពលភាវូបនីយកម្ម ពលរដ្ឋ (People Revitalization) ឱ្យមានសមត្ថភាព ផលិតភាព សីលធម៌ គុណធម៌ ចរិយាធម៌ ភាពអំណត់ សុចរិតភាព វិន័យ និង ការទទួលខុសត្រូវខ្ពស់, និង ការលើកកម្ពស់ស្មារតី និង មនសិការស្នេហាជាតិ ការពារជាតិ ឯកភាពជាតិ ការចេះយកអាសារគ្នា ការចែករំលែក ការ ចូលរួម គុណតម្លៃសង្គម និង ស្មារតីគោរពច្បាប់ ស្រឡាញ់សន្តិភាព ក៏ដូចជាស្រឡាញ់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អំពើល្អ និង យុត្តិធម៌ សំដៅធានាបាននូវសិនិទ្ទភាពសង្គម (Social Cohesion) និងសុខដុមរមនាសង្គម៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *