ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បានប្រើអំពើហិង្សាទៅលើសន្តិសុខយាមអគារ The Bridge បន្ទាប់ពីសន្តិសុខរូបនេះហាមឃាត់មិនឱ្យជក់បារី ហេីយត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនយកទៅធ្វេីការសាកសួរកាលពីវេលាម៉ោង១១និង២៨នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចអគារ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បានដើរចូលទៅក្នុងបន្ទប់ជណ្តើរយន្តប្រអប់ រួចក៏បានដកបារីមកជក់នៅក្នុងជណ្តើរយន្ត ភ្លាមៗនោះជនរងគ្រោះដែលជាសន្តិសុខយាមអគារខាងលើ បានចូលទៅឃាត់ជនបង្កខាងលើ ដោយហាមមិនឱ្យមានការជក់បារីនៅក្នុងបន្ទប់ជណ្តើរយន្តឡើយ។
ប៉ុន្តែជនបរទេសខាងលើមិនបានស្តាប់ទេ ថែមទាំងបញ្ចេញឥរិយាបថច្រឡោតយ៉ាងខ្លាំង រហូតឈានដល់ការប្រើអំពើហិង្សាទៅលើសន្តិសុខរូបនោះ បង្កការភ្ញាក់ផ្អើលតែម្តង។
យ៉ាងណាមិញនៅក្នុងហេតុការណ៍នេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ជាក់ស្តែងជនបង្កខាងលើត្រូវបានក្រុមសន្តិសុខឃាត់ខ្លួន និងទាក់ទងទៅកាន់កងរាជអាវុធហត្ថខណ្ឌ ដើម្បីចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថបានចុះមកដល់ រួចឃាត់ខ្លួនជនបង្កនាំទៅការិយាល័យកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីបន្ត៕