Breaking News

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការ លើសំណុំរឿងអនុវត្តបង្ខំរូបកាយ ដែលមានមេធាវី តូច សូខោ អត្តលេខ ១៣០៣ ជាមេធាវីតំណាងឲ្យ មណ្ឌលពត៌មានស្ត្រីកម្ពុជា ជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ ៣៨០ “ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់តុលាការកំពូល លើទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី កើតឆ្នាំ១៩៥៧ ជនជាតិខ្មែរ ។

ក្រោយពីបានពិនិត្យសំណុំរឿងខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួនលើទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ដើម្បីបង្ខំដល់រូបកាយទារសំណងទៅ ដើមបណ្តឹងរដ្ឋប្បវេណី ដូចមានកំណត់ក្នុងសាលដីការបស់តុលាការកំពូលខាងលើ តាមសំណូមពរ របស់ដើមបណ្តឹង ។

រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

ក្រោយពីបានធ្វើការសាកសួរទណ្ឌិត និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយយកចិត្តទុកដាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា៖

១-ការសម្រេចផ្តន្ទាទោសដោយតុលាការគ្រប់ជាន់ថ្នាក់នៅក្នុងករណីនេះ ជាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារដោយការព្យួរទោស ដោយយោងតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះ ទណ្ឌិតនឹងមិន ត្រូវអនុវត្តទោសរបស់ខ្លួននៅពន្ធនាគារឡើយ លើកលែងតែបំពានលក្ខខណ្ឌដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ សម្រាប់ការដកហូតការព្យួរទោស។

២-ទណ្ឌិតជាស្ត្រីមានជម្ងឺប្រចាំកាយ និងមានវ័យចាស់ជរាអាយុ ៦៦ (ហុកសិបប្រាំមួយ)ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ដោយយោងតាមមាត្រា ៥៣១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការបង្ខំដល់រូបកាយ មិនអាច ធ្វើទៅលើស្ត្រីដែលមានអាយុចាប់ពី ៦៥(ហុកសិបប្រាំ)ឆ្នាំ ឡើងទៅ ។

ផ្អែកលើមូលដ្ឋានខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី ឲ្យមានសេរីភាពឡើងវិញុ៕ដោយ៖ សិរី នាគ

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *