Breaking News

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តអភិបាលខេត្តស្វាយរៀងថ្មី យកយុទ្ធសាស្ត្របញ្ចកោណ ធ្វើជាមូលដ្ឋានក្នុងការដឹកនាំអភិវឌ្ឍខេត្ត

ស្វាយរៀង ៖ ជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច ក្រកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តឯកឧត្ដម ប៉េង ពោធិ៍សា ដែលទើបប្រកាសចូលកាន់តំណែងជាអភិបាលខេត្តថ្មី នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះខេត្តទាំងអស់ យកចិត្តទុកដាក់សិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅលើយុទ្ធសាស្ត្របញ្ចកោណ និងយកជាមូលដ្ឋានក្នុងការដឹកនាំខេត្ត។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បាលលើកឡើងនូវចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គុទេសក៍ដ៏ឧត្ដុងឧត្ដមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ បានកំណត់នូវបាវចនា ៥ រួមមាន ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត ៥ រួមមាន ៖ ការធានាឱ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឱ្យបានកាន់តែច្រើន, ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ 

ជាមួយនឹងបាវចនា និងគោលដៅយុទ្ធសាស្រ្តខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យកអាទិភាពគន្លឹះ ចំនួន ៥ សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃ គណៈអភិបាលខេត្តស្វារៀង នាឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់នូវកិច្ចការសំខាន់ៗមួយចំនួន ដែលរដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្តជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបា យ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន, ការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួលដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ ស្របគ្នានេះ បន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិ ដែលត្រូវក្ដាប់ឱ្យជាប់។ ដូចគ្នាដែរ ដើម្បីប្រសិទ្ធភាពការងារ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ជំរុញលើកទឹកចិត្តដល់គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត បន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីប្រសិទ្ធភាពការងារ។

ក្នុងឱកាសនៃពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តស្វាយរៀងថ្មីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តស្វាយរៀង ដែលមានឯកឧត្ដម ម៉ែន វិបុល អតីតអភិបាលខេត្ត ចូលនិវត្តន៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋទូទាំង ខេត្តស្វាយរៀង ដែលបានសហការគ្នាយ៉ាងល្អក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងក្របខ័ណ្ឌខេត្តទាំងមូល បានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានសមិទ្ធផលនានាជាច្រើន៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *